(ភ្នំពេញ)៖ លោក ផាក ហ៉ឹង ក្យង់ ឯកអគ្គរដ្ឋទូតសាធារណកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ ក្រោមការប្រឹងប្រែងដ៏មុះមុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងធ្វើឱ្យប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យនានា។

កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក គឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។ ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាការសម្រេចចិត្តដ៏លំបាកនៅក្នុងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលអំឡុងពេលនោះ កម្ពុជាកំពុងមានមានទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង ដែលជាសត្រូវរបស់កូរ៉េខាងត្បូង។

ទោះបីជាមានឧបសគ្គ និងការលំបាកយ៉ាងណាក៏ដោយចុះ ក្រោមចក្ខុវិស័យដ៏ច្បាស់លាស់សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជាមួយរូបដែរនោះ ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងបានវិវឌ្ឍកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ដែលជាផ្លូវសាងសង់ឡើងក្រោមថវិកាកម្ចីរបស់សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាព និងពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងដែលសម្តេចបានប្រឹងប្រែងជម្នះការលំបាក ដើម្បីកសាងឡើងនេះ។ សម្តេចតេជោ បានគូសរំលេចថា ផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនេះ សាធារណរដ្ឋកូរ៉េ បានជួយគាំទ្រថវិកាសង់ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ២ និងលេខ២២, សាងសង់អគារ និងបំពាក់បរិក្ខារនៅមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងបានផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ភ្នំពេញ ទៅតំបន់ជ្រោយចង្វារ និងបន្តទៅអរិយក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «នេះហើយជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលយើងទទួលបាន។ [...] នោះហើយជាផលប្រយោជន៍នៃការដាក់ចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលខ្លួនខ្ញុំត្រូវតែពុះពារធ្វើឱ្យខាងតែបាន។ ខ្ញុំមានមោទនភាពណាស់ក្នុងឋានៈជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»

មកដល់ពេលនេះកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងឡើងវិញមានរយៈពេល២៥ឆ្នាំហើយ។ តាមរយៈទំនាក់ទំនងវិវឌ្ឍដ៏ល្អនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

លោក ផាក ហ៉ឹង ក្យង់ បានគូសរំលេចថា បន្ទាប់ពីការកសាងទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង ១៧ដង រហូតឈានដល់ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណជា ៣០០ក្រុមហ៊ុន បានវិនិយោគផ្ទាល់នៅកម្ពុជា ក្នុងវិស័យនានាមានដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាដើម។

លោកទូតបន្ថែមទៀតថា ជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់កូរ៉េ ចាប់តាំងពីការសាងទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េ បាននិងកំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានសរុបជាង ៩រយលានដុល្លារលើវិស័យនានា មានដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការអប់រំជាដើម។ បន្ថែមពីលើនេះ កូរ៉េគ្រោងនឹងអនុវត្តគម្រោង ODA ដែលមានទំហំធំជាងមុនៗ ដែលមានទឹកប្រាក់រហូតដល់ ១៥០លានដុល្លារ។

លោកឯកអគ្គរដ្ឋទូត បានគូសរំលេចទៀតថា ទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងកូរ៉េ ក៏បានចូលរួមចំណែកយ៉ាងធំ ក្នុងការបង្កើតការងារ និងការប្រមូលរូបិយប័ណ្ណអន្តរជាតិសម្រាប់កម្ពុជាផងដែរ។ តាមរយៈការនាំចេញកម្លាំងពលកម្មក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ បច្ចុប្បន្ននេះ មានពលករកម្ពុជាប្រមាណជា ៤ម៉ឺន ៥ពាន់នាក់ កំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្មកូរ៉េ ប្រកបដោយភាពស្មោះត្រង់ និងទទួលបាននូវការទទួលស្គាល់សមត្ថភាពពីសំណាក់និយោជកកូរ៉េ។

លោក ផាក ហ៉ឹង ក្យង់ បានប្រកាសប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕