(កណ្តាល)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យរួមគ្នាគោរពច្បាប់ចរាចរណ៍ នៅពេលបើកបរ ខណៈជាមធ្យមនៅក្នុងមួយថ្ងៃមានមនុស្សស្លាប់យ៉ាងតិចចំនួន ៥នាក់ ដែលវានឹងបង្កើតឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងសង្គមជាតិ។

បើតាមសម្តេចតេជោ បានឱ្យដឹងថា បច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាង ជំងឺកូវីដ១៩ ទៅទៅទៀត ខណៈបច្ចុប្បន្ននេះ អ្នកស្លាប់ដោយសាជំងឺកូវីដ១៩ នៅថ្ងៃខ្លះមិនមាន១ករណីផង ហើយមួយវិញទៀតអ្នកកើតជំងឺកូវីដ១៩ អាចព្យាបាលជាសះស្បើយ ប៉ុន្តែ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនអាចបង្កឱ្យមនុស្សពិកា ឬអាចបាត់បង់ជីវិត ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «អ្វីដែលជាតម្រូវការបន្ថែមទៀតនោះ គឺអំពាវនាវឱ្យគោរពដល់ច្បាប់ចរាចរណ៍ កុំឱ្យមានផ្លូវហើយ បែរជាទៅនាំគ្នាស្រែកយំ ម្សិលមិញនេះ ប្រទេសរបស់យើងមានប៉ុន្មានករណី ក្នុងការគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៩ករណី លើ៥រាជធានី-ខេត្ត បណ្តាលឱ្យស្លាប់ចំនួន៦នាក់ និងរបួសចំនួន៨នាក់ ពីម្សិលមិញ អញ្ចឹងរៀងរាល់ថ្ងៃមានមនុស្ស ៥ ឬ៨នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈកូវីដ១៩ ម្សិលមិញអត់មានស្លាប់នោះទេ ប៉ុន្តែ ម្សិលមិញ យើងមានមនុស្ស៦នាក់ បានស្លា់ដោយសារគ្រោះថ្នាក់ចរាចរណ៍...!»

បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃសម្តេចបានត្រូវតាមដានរបាយមួយចំនួនរួមមាន៖ របាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩, របាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខ ជាពិសេសរបាយការណ៍ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលសម្តេចក្រឡាហោម ស ខេង បញ្ជូនមកឱ្យ, របាយការណ៍ពាក់ព័ន្ធស្ថានភាពអគ្គិសនីនៅក្នុងប្រទេស និងការនាំចូល សម្រាប់របាយការណ៍មួយទៀត គឺពាក់ព័ន្ធនឹងអាកាសធាតុជាដើម។

ជាមួយនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យមនុស្សជាមធ្យមចំនួន ៥នាក់ នៅក្នុង១ថ្ងៃនេះ វានឹងបង្កើតឱ្យមានបញ្ហាសង្គមធ្ងន់ធ្ងរ ហើយចំពោះករណីនេះប្រសិនបើស្លាប់ចំមេគ្រួសារ តើមាននរណចិញ្ចឹមប្រពន្ធ កូន ចំណុចនេះវាជាបញ្ហាដែលត្រូវចូលរួម។

«យើងអំពាវនាវឱ្យមានការគោរព នូវច្បាប់ចរាចរណ៍ ហើយសូមប្រយ័ត្នកុំនាំគ្នាបន្ទោសអ្នកធ្វើផ្លូវ រឿងនេះខ្ញុំខានលើកប្រហែលជា១០ឆ្នាំហើយ នៅក្រាំងយ៉ូវ អង្កាលនឹងខ្ញុំទៅអភិវឌ្ឍន៍នៅក្រាំងយ៉ូវ ខណៈកំពុងតែត្រួតពិនិត្យការសាងសង់ផ្ទះនៅក្រោយសាលារៀន ស្រាប់តែមានប្អូនស្រីម្នាក់ មកស្រែកឱ្យសម្តេចសងថ្លៃជ្រូកដែលត្រូវឡានដឹកស្រូវបុកស្លាប់ ដោយបន្ទោសថាមកពីមានផ្លូវល្អ»។ នេះជាការរំឮកបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៖

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា សូមកុំឱ្យទទួលបានផ្លូវល្អហើយ បែរជានាំគ្នាស្រែកយំព្រោះគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដូច្នេះ ការគោរពច្បាប់ចរាចរណ៍ គឺកាតព្វកិច្ចរបស់យើងគ្រប់ៗ ដោយធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ជាពិសេសមិនត្រូវបើកបរលើ្មសនឹងច្បាប់ចរាចរណ៍ជាដាច់ខាត ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។

គួរជម្រាថាថា ជុំវិញការតាមដានស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន កាលពីថ្មីនេះ គ៏បានណែនាំឱ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យបង្កើតតេឡេក្រាម (Telegram) ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរាយការណ៍ និងជួយថតផ្លាកលេខរថយន្តដែលល្មើសច្បាប់ចរាចរណ៍ ដើម្បីផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។

គួរជម្រាបថា សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅប្រទេសកម្ពុជា បច្ចុប្បន្ននេះ ភាគច្រើនកើតមានជារួមគឺ បើកបរលើសល្បឿនកំណត់, បើកបរមិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង ជាដើម។

ហើយសម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៦នាក់ របួស ០៨នាក់ (របួសធ្ងន់ ០៦នាក់)។ រយៈពេល៨១ថ្ងៃ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៨៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៤៥១នាក់ របួស ១,១០០នាក់ (របួសធ្ងន់ ៧១៧នាក់)៕