(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា និងក្រុមឯកទេសផលិតផលហាឡាល ប្រជុំស្តីពី វឌ្ឍនភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា ផលិតផលហាឡាល ដើរតួនាទីយ៉ាងសំខាន់ ដោយមិនមែនតែសម្រាប់សាសនិកឥស្លាមប៉ុណ្ណោះទេ តែជាតម្រូវការសម្រាប់ទីផ្សារពិភពលោកទាំងអ្នកមុស្លិម និងមិនមែនមុស្លិមផងដែរ។

លោកបានបន្ថែមថា កន្លងមកនេះ សមាជិកគ.ត.ផ.ហ.ក. និងក្រុមឯកទេសផលិតផលហាឡាក តែងតែមានការប្រជុំជាមួយ បណ្ដាប្រទេសដែលមានការអភិវឌ្ឍលើវិស័យហាឡាល ដូចជាបណ្ដាប្រទេសសមាជិកអង្គការ អូអាយសុី (OIC) ដែលមានប្រទេសជាសមាជិកចំនួន៥៧ប្រទេស និងមានប្រជាជនជាង២ពាន់លាននាក់ ដើម្បីលើកកម្ពស់ស្ដង់ដារផលិតផលហាឡាលកម្ពុជា និងការទទួលស្គាល់ពីអន្តរជាតិសម្រាប់ស្លាកសញ្ញាហាទ្បាលថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។

លោកក៏បានបន្តផងដែរថា ថ្មីៗនេះ មានប្រទេសដែលមានការអភិវឌ្ឍលើវិស័យហាឡាល មួយចំនួនមានបំណងមកវិនិយោគ លើវិស័យហាឡាលកម្ពុជាដោយសង្ឃឹមថា កម្ពុជានឹងរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការផលិតផលិតផលហាឡាលបម្រើឲ្យទីផ្សារពិភពលោកនាពេលអនាគតផងដែរ។

ជាមួយគ្នានោះ លោកបានលើកពីកំណើននៃសហគ្រាសកម្ពុជា ដែលបានស្នើសុំវិញ្ញាបនបត្រហាឡាលកម្ពុជា ព្រោះផ្លាកសញ្ញាហាឡាល អាចជួយបង្កើនការលក់ និងការនាំចេញផលិតផលហាឡាលទាំងនោះ ទៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិតួយ៉ាងប្រទេសថៃ និងប្រទេសម៉ាទ្បេសុីបាននាំចេញនូវផលិតផលហាទ្បាលរបស់គេយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ទីផ្សារពិភពលោក និងជួយបានមួយផ្នែកធំនៃកំណើនសេដ្ឋកិច្ចជាតិរបស់គេ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ផលិតផលហាឡាល មានអត្ថន័យថា «អនាម័យ និង ស្អាតស្អំ» ហើយវិស័យហាឡាលនេះ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ លោករដ្ឋមន្ដ្រី បានបន្តថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យរៀបចំ ស្ថាប័នហាឡាលកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្តង់ដាអាហារសម្រាប់ជួយសម្រួលដល់សាសនិកឥស្លាម ដ៏ដូចជាសម្រាប់អ្នកមិនមែនកាន់សាសនាឥស្លាម ទាំងនៅកម្ពុជានិងទូទាំងពិភពលោកទាំងមូល។

លោកបានសង្កត់ធ្ងន់ថា ដោយបច្ចុប្បន្នភាព មានការប្រើប្រាស់ផ្លាកសញ្ញាហាឡាលច្រើននៅកម្ពុជា ក្នុងនោះក៏មានការក្លែងបន្លំផ្លាកសញ្ញាហាឡាលច្រើនករណីផងដែរ ហេតុនេះឯកឧត្តមបានណែនាំដល់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ត្រូវបន្តបង្ក្រាបការប្រើប្រាស់ស្លាកសញ្ញាក្លែងក្លាយដោយរួមមាន ភោជនីយដ្ឋាន សហគ្រាស សិប្បកម្ម រោងចក្រផលិ ខ្លះបានប្រើស្លាកសញ្ញាហាទ្បាលរបស់បរទេសដោយគ្មានការអនុញ្ញាត បំពាក់ស្លាកសញ្ញាតាមទំនើងចិត្តនាពេលកន្លងមក។

លោកបានស្នើដល់សមាជិកគ.ត.ផ.ហ.ក. ឲ្យខិតខំប្រឹងប្រែងធ្វើយ៉ាងណាធានាឲ្យបាននូវការប្រើប្រាស់ ផ្លាកសញ្ញាហាឡាលកម្ពុជា ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល ដើម្បីធានាគុណភាពស្ដង់ដារផលិតផលហាឡាល និងលើកកម្ពស់មុខមាត់កម្ពុជា។

គួរបញ្ជាក់ផងដែរថា វិទ្យាសាស្រ្តហាឡាលឥស្លាម ផ្ដោតលើបួនចរន្តធំៗ ដែលមានដូចជា ផលិតផលអាហារ ផលិតផលគ្រឿងសម្អាង ឱសថសាស្រ្ត និងផលិតផលសម្ភារប្រើប្រាស់។ គិតត្រឹមដើមឆ្នាំ២០២២នេះ ស្ថាប័នហាឡាលកម្ពុជា បានចេញវិញ្ញាបនបត្រហាឡាលសរុបចំនួន ១៩៤ អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន ២៤ ក្រុមហ៊ុន សិប្បកម្ម និងរោងចក្រ ចំនួន ៨៦ សត្តឃាតដ្ឋានសំឡេះមាន់ ចំនួន២ និងមុខទំនិញសរុប ៧១១ មុខផងដែរ៕