(ត្បូងឃ្មុំ)៖ ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាល និងលើកទឹកចិត្តដល់យុវជនស្ម័គ្រចិត្តស.ស.យ.ក នៅក្នុងមូលដ្ឋាន។

ពិធីសំណេះសំណាល និងលើកទឹកចិត្តនេះ មានការចូលរួមដោយ លោកស្រី លី ស៊ីថុល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពញ្ញាក្រែក, លោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែក, លោក ឡេង តុង ប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជន ស្រុកពញាក្រែក និងលោកស្រី ឆន ហ៊ន់ កងណែម អតីតវិរៈយុទ្ធនារី នៃសមាគមន៍យុវជនកម្ពុជាផងដែរ។

មានមតិសំណេះសំណាលក្នុងឱកាសនេះ លោកស្រី លី ស៊ីថុល បានផ្សព្វផ្សាយអំពី អំពីសន្និបាតគណៈកម្មការធិការកណ្តាលស.ស.យ.ក រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលធ្វើឡើង ក្រោមការដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក។ លោកស្រីបានលើកឡើងអំពីប្រសាសន៍ លោក ហ៊ុន ម៉ានី ដែលជំរុញឱ្យគ្រួសារ សសយក ទាំងអស់ ត្រូវបន្តបំផុសស្មារតី និងឆន្ទៈ យុវជនឱ្យចូលរួមក្នុងបម្រើ និងការពារអធិបតេយ្យ បុរាណភាពទឹកដី និងរក្សាសន្ដិភាព និងសុខដុមរមនាជានិរន្តរ៍។

ជាមួយគ្នានេះ លោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែក បានស្វាគមន៍ និងអរគុណចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួម ក្នុងកិច្ចការសង្គម និងកិច្ចការសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងមូលដ្ឋាន។ លោកបានជំរុញឱ្យយុវជនទាំងអស់ បន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ របស់កម្ពុជាជានិច្ចនិរន្តរ៍។

នៅក្នុងពិធីនេះដែរ លោកស្រី ឆន ហ៊ន់ កងណែម អតីតវិរៈយុទ្ធនារីនៃសមាគមន៍យុវជនកម្ពុជា ក៏បានលើកឡើងដែរថា ដោយសារតែប្រទេសមានសន្តិភាព ពេលនេះគ្រប់គ្នាសម្បូរសប្បាយ ដែលខុសពីយុវជនជំនាន់មុន មានការលំបាកវេទនា ដោយសារប្រទេសធ្លាក់ក្នុងសង្គ្រាម និងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកស្រី ជំរុញឱ្យយុវជនជំនាន់ថ្មី ត្រូវដឹងគុណមគ្គុទេសក៍សន្តិភាព សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានស្វះស្វែងរកសន្តិភាព និងការពារសុខសន្តិភាព ជាង ៤០ឆ្នាំកន្លងមក។

លោក ឡេង តុង ប្រធានក្រុមជនបង្គោលទទួលបន្ទុកយុវជន ស្រុកពញាក្រែក បានផ្សព្វផ្សាយអំពី «តម្លៃនៃសន្តិភាព» របស់កម្ពុជា ដោយមាន សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏អស្ចារ្យ ប្រកបដោយគតិបណ្ឌិត។ សម្តេចបានខិតខំស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ដោយចាប់ផ្តើមពីការចរចា «សីហនុ-ហ៊ុនសែន» រហូតបង្កើតបានកិច្ចព្រមព្រៀងក្រុងបារីស ហើយបន្តមកទៀត សម្តេចបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ រហូតទទួលជោគជ័យទាំងស្រុង នាំមកនូវសន្តិភាពពេញលេញជូនពលរដ្ឋកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

លោកបានលើកឡើងថា៖ វិរៈយុវជនទំនាន់មុន ទទួលបានជោគជ័យដោយសារភាពជាយុវជនគំរូ ដែលមានសីលធម៌ល្អ និងគុណធម៌ល្អប្រពៃ ប្រកបដោយភាពឧស្សាហ៍ព្យាយាម ក្នុងការងារ បំរើគ្រួសារ រួមចំណែក្នុងសេដ្ឋកិច្ច និងកិច្ចការសង្គម ដើម្បីផលប្រយោជន៍ជាតិជារួម។ លោកបន្តថា ស.ស.យ.ក យើងធ្វើការដោយស្ម័គ្រចិត្ត គ្មានប្រាក់ចំណូល លះបង់ដើម្បីផលប្រយោជន៍រួមរបស់សង្គមជាតិ និងជម្រុញឱ្យយុវជនដែលជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ យកចិត្តទុកដាក់តាមដានរាល់សកម្មភាព និងក្តាប់សភាពការក្នុងពេលបោះឆ្នោតនាពេលខាងមុខ។

សូមបញ្ជាក់ថា ក្នុងពិធីនេះដែរ ក៏មានការចូលរួមឧបត្ថម្ភមួយចំនួនក្នុងនោះមានដូចជា៖

១៖ លោក ឡេង តុង ប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនស្រុកពញាក្រែក ឧបត្ថម្ភម៉ាស ៥ ០០០សន្លឹក និងថវិកាដល់យុវជនសង្កេតការណ៍បោះឆ្នោតចំនួន ៨០០ ០០០រៀល។

២៖ លោកស្រី ឆន ហ៊ន់ កងណែម ឧបត្ថម្ភថវិកា ៤ ០០០ ០០០រៀល (ក្នុងម្នាក់ ៣០ ០០០រៀល), ក្រណាត់សម្រាប់កាត់ឯកសណ្ឋាន ស.ស.យ.ក. ១៥០ កំប្លេ (១កំប្លេ ៦០ ០០០រៀល) សរុប ៩ ០០០ ០០០រៀល, អាហារសម្រន់ ៨០០ ០០០ រៀល សរុបថវិកាអស់ចំនួន ១៣ ៨០០ ០០០រៀល។

៣៖ លោកស្រី សៀម សេងហាន ប៉ែនអ៊ាន ឧបត្ថម្ភភេសជ្ជៈ ១០ កេស ទឹកបរិសុទ្ធកម្ពុជា ០៥ កេស និងថវិកា ១លានរៀល សរុបថវិកាអស់ចំនួន ១ ៦០០ ០០០រៀល។

៤៖ លោក ឯល វណ្ណារិទ្ធិ ឧបត្ថម្ភនំបញ្ចុកសាមគ្គី និងទឹកបរិសុទ្ធ ២០០យួរ អស់ថវិកាចំនួនសរុប ១ ០៥០ ០០០រៀល ។

៥% លោក ហេង ពិសិដ្ឋ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក. ខេត្ត ឧបត្ថម្ភមីហិរ ១០០ចាន៕