(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំប្រកាសទទួលស្គាល់សមាសភាពផែនសហគ្រិនវ័យក្មេង និងផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចំនួន២៥០នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន គណៈអចិន្ត្រៃយ៍ និងជាសមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាច្រើនរូបទៀត។

បន្ទាប់ពីការអានសេចក្តីសម្រេចទទួលស្គាល់សមាសភាពផែនសហគ្រិនវ័យក្មេង និងផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយលោក សំហេង បុរស អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងការប្រគល់ជូននូវសេចក្តីសម្រេចស្តីពីការទទួលស្គាល់រួចមក។

លោកបណ្ឌិត អោម សេង បូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សរាជធានី និងសហការី តំណាងសមាជិក-សមាជិកា នៃផែនទាំងពីរ ដែលត្រូវបានប្រកាសទទួលស្គាល់ បានឡើងប្តេជ្ញាចិត្ត និងបានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដល់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសជូនប្រជាពលរដ្ឋនិងកូនខ្មែរជំនាន់ក្រោយបានបញ្ចេញសមត្ថភាព និងសក្តានុពលភាព រួមចំណែកអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិឱ្យមានភាពរីកចម្រើនបានឆាប់រហ័ស ក៏ដូចជាលើកមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

លោកបណ្ឌិត បានបន្ថែមថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែជំរុញ គាំទ្រ និងចាត់ទុកសហគ្រិនក៏ដូចជាវិស័យឯកជន ជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំគណបក្ស ជាពិសេស ប្រធានគណៈកម្មាធិការបក្សរាជធានី សមាជិក សមាជិកាថ្មីទាំង២៥០រូប ដែលត្រូវបានប្រកាសទទួលស្គាល់ផងដែរ។

បន្ថែមពីនេះ លោកបានបង្ហាញជូនអង្គពិធីទាំងមូល ជាពិសេសសមាជិក-សមាជិកា ផែនសហគ្រិនវ័យក្មេង និងផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ អំពីតួនាទី ភារកិច្ច របស់ក្រុមការងារយុវជនគណបក្ស, រចនាសម្ព័ន្ធអង្គការចាត់តាំងនានារបស់យុវជនគណបក្ស និងសារៈប្រយោជន៍នៃការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមអំពីប្រវត្តិ ស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជន, ការពារបានរឹងមាំនូវខឿនការពារជាតិ, រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ, លើកស្ទួយការគោរពសិទ្ធិសេរីភាព និងពង្រីកនូវចំណងនៃកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕