(ភ្នំពេញ)៖ អនុគណៈកម្មការ ចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ របស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.៨) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលនៃការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អនុគណៈកម្មការនេះបានបញ្ជាក់ថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាព នៅក្នុងលទ្ធផលជាក់ស្តែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាលើកទី៣ ដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ, និងបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍។

អំពីសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៖ ដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១០/០១៩ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០, ក្រុមការងារទី២ បានរៀបចំសិក្ខាសាលា លើកទី៣ បន្ថែមទៀត តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់អនុគណៈកម្មការ៖