(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយធ្វើការប្រជុំផ្ទាល់ និងប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នា ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយ លោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងជាសហប្រធានឥណ្ឌា និងលោកស្រី Guo Wei អនុប្រធានផ្នែកវិទ្យាសាស្ត្រនិងវប្បធម៌នៃគណៈកម្មការជាតិយូណេស្កូចិន និងជាសហប្រធាននៃប្រទេសចិន រួមជាមួយតំណាងប្រទេសជាសមាជិកចំនួន ៤ ទៀត រួមមាន ប៊ែលហ្សិក ជប៉ុន ថៃឡង់ដ៏ និងសហរដ្ឋអាមេរិច ព្រមទាំងការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពនៃការងារអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលបានអនុវត្តក្នុងរយៈពេល ៦ ខែកន្លងមក និងការស្វែងរកជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសតាមការចាំបាច់។

ចាប់តាំងពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ ២០០៨ និងការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) នៅឆ្នាំ២០១៤ មក អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំ ICC-Preah Vihear ជាទៀងទាត់ ២ ឆ្នាំ ម្តង លើកលែងតែឆ្នាំ២0២០ និងឆ្នាំ២០២១ ដែលអាចរៀបចំបានតែ ១ ដងក្នុងមួយឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។

នៅមុនកិច្ចប្រជុំពេញអង្គលើកទី ៧ នេះ អ្នកជំនាញការអន្តរជាតិ ICC-Preah Vihear បានបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ចំនួនពីរថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីតាមដាន និងវាយតម្លៃការងារអភិរក្ស ដែលអនុវត្តដោយអ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ។ អ្នកជំនាញការអន្តរជាតិបានវាយតម្លៃខ្ពស់ ចំពោះអ្នកជំនាញការខ្មែរ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ទោះស្ថិតក្នុងស្ថានការណ៍លំបាក ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ជាសកលក្តី។

កិច្ចប្រជុំពេញអង្គលើកទី ៧ នៃ ICC-Preah Vihear នៅឆ្នាំនេះ បានផ្តោតជាសំខាន់លើការងារមួយចំនួនដូចខាងក្រោម៖

១៖ ផែនការការងារអភិរក្សគោបុរៈទី ៥ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា
២៖ ការងារជួសជុលស្ពានហាលនៅចន្លោះគោបុរៈទី៤ និងទី៥ នៃប្រាសាទព្រះវិហារ
៣៖ ការងារជួសជុលជណ្តើរបុរាណខាងជើងក្រោមជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីមូលនិធិទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក
៤៖ ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ
៥៖ ការងារកំណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ
៦៖ ការងារអភិវឌ្ឍធនធានទឹកនៅតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ
៧៖ ផែនការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កិច្ចប្រជុំពេញអង្គលើកទី ៧ នៃ ICC-Preah Vihear បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ប្រកបដោយជោគជ័យ និងទទួលបានអនុសាសន៍ល្អៗពីអ្នកជំនាញការអន្តរជាតិ សម្រាប់ផ្តល់ជូនអាជ្ញាធរជាតិព្រះវិហារ យកទៅអនុវត្តបន្តរយៈពេល ៦ ខែ ខាងមុខទៀត ហើយបានកំណត់យកកិច្ចប្រជុំ ICC-Preah Vihear លើកក្រោយនៅខែកញ្ញា ឆ្នាំ ២០២២៕