(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន នឹងធ្វើសន្និសីទកាសែតមួយ នៅព្រលានយន្តហោះអន្តរជាតភ្នំពេញ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំប្រទេសនេះ គឺលោក មីន អោងឡាំង បានយល់ព្រមឱ្យមានការសម្របសម្រួលមួយចំនួន។

អំឡុងទស្សនកិច្ច ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងជួបរដ្ឋមន្ត្រីសំខាន់ៗចំនួន ៣ រូបទៀត របស់មីយ៉ាន់ម៉ា ក្នុងនោះមាន លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន និង ឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ។ នេះបើតាមការផ្សព្វផ្សាយបឋមរបស់ ក្រសួងការបរទេស។

ក្រសួងការបរទស បានអះអាងថា នៅក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ មីន អោង ឡាំង, ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីខែមករាឆ្នាំនេះ។

កម្ពុជា-ជប៉ុន កាលពីថ្ងៃទី២០ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាម៉ា។

កិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ស្តីពីដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ត្រូវបានដាក់ចេញដោយ កិច្ចប្រជុំកំពូលអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនោះរួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាហារ (AHA)។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕