(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ ដើម្បីប្តូរក្រលៀនស្របច្បាប់នៅក្នុងប្រទេស ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានការជួញដូរក្រលៀននោះទេ។

ក្រោយការប្រកាសសម្តេចតេជោនាយករដ្ឋមន្ត្រី វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈ បានកោតសរសើរ និងគាំទ្រការប្រកាសនេះ។ លោកថ្លែងថា ការផ្តល់ភាពស្របច្បាប់ លើការវះកាត់ប្តូរក្រលៀននៅកម្ពុជា គឺជារឿងល្អ ដោយសារការទៅប្តូរក្រលៀននៅបរទេស ចំណាយប្រាក់អស់ច្រើនណាស់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនយើងមានបញ្ហាក្រលៀនច្រើន ដែលជាទូទៅកើតមកដោយសារការទទួលទានគ្រឿងស្រវឹង។ ដូច្នេះហើយ បង្កឲ្យអ្នកមានបញ្ហាក្រលៀន ទៅវះកាត់នៅប្រទេសឥណ្ឌា ហើយតាមខ្ញុំធ្លាប់ដឹង គឺចំណាយអស់ខ្ទង់ ៥ម៉ឺនដុល្លារ ទៅ ៧ម៉ឺនដុល្លារឯណោះ ដើម្បីប្តូរក្រលៀនបាន»

វេជ្ជបណ្ឌិត គួច ម៉េងលី បានឲ្យដឹងដែរថា ទន្ទឹមនឹងការចំណាយច្រើនលើការវះកាត់ ប្រជាជនកម្ពុជា ដែលទៅប្តូរក្រលៀននៅបរទេស ក៏ចំណាយថ្លៃធ្វើដំណើរ និងស្នាក់នៅប្រទេសគេទៀតផង។ ប្រការនេះ សម្រាប់អ្នកខ្វះលទ្ធភាព គឺមិនអាចទៅប្តូរបានទេ។

លោកបន្តថា ការប្តូរក្រលៀន មិនមែនជាការកាត់ក្រលៀនចោលទេ ប៉ុន្តែគ្រាន់តែគេផ្ស៉ាំក្រលៀនថ្មីមួយទៀតពីក្រោម ដើម្បីឲ្យវាដំណើរការជំនួសក្រលៀន ដែលខូចខាតនោះ ខណៈនៅកម្ពុជាក៏មានអ្នកមានសមត្ថភាពច្រើន សម្រាប់ការអនុវត្តការងារប្តូរក្រលៀន និងសរីរាង្គ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការប្រកាសដំណឹងនេះ គឺមានប្រជាពលរដ្ឋខ្លះបានខូចក្រលៀន ហើយត្រូវការដូរក្រលៀន តម្រូវឲ្យចេញទៅក្រៅប្រទេស ប៉ុន្តែចាប់តាំងពីឆ្នាំ២០១០ កម្ពុជាមានសមត្ថភាពក្នុងការដូរក្រលៀន ដែលមាននៅមន្ទីរពេទ្យព្រះកេតុមាលា [មន្ទីរពេទ្យទាហាន] តែគ្រាន់តែមិនមានការផ្សព្វផ្សាយប៉ុណ្ណោះ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ សម្តេចតេជោ បានបន្ថែមថា សម្តេចធ្លាប់ឧបត្ថម្ភថវិកាដល់អ្នកមានបញ្ហាសុខភាព ដែលត្រូវទៅប្តូរសិរីរាង្គ នៅក្រៅប្រទេសប្រហែលជាង ១០នាក់ហើយ ដោយពួកគេមានសុខភាពប្រសើរឡើងវិញ។

បើទោះបីជាសម្តេចបញ្ជាឲ្យរដ្ឋមន្ត្រីសុខាភិបាល សិក្សាពិនិត្យលទ្ធភាព ក្នុងការអនុញ្ញាតឲ្យមានការវះកាត់ប្តូរក្រលៀន ដោយស្របច្បាប់ក្តី ប៉ុន្តែសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការជួញដូរនោះទេ ត្រូវរកចេញពីក្រុមគ្រួសាររបស់អ្នកជំងឺ ឬអ្នកដែលស្ម័គ្រចត្តិ។

បើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធនេះ មានសមត្ថភាពក្នុងការវះកាត់ប្តូរក្រលៀន និងប្តូរថ្លើម រួមទាំងអវៈយវៈមួយចំនួនទៀតផងដែរ។

វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបង្ហាញការគាំទ្រ ដល់រាជរដ្ឋាភិបាល ដែលចង់ឃើញការវះកាត់ក្រលៀន ដោយត្រូវអនុវត្តក្រោមច្បាប់តឹងតែងបំផុត។ លោកថ្លែងថា ការប្តូរក្រលៀន និងសរីរាង្គផ្សេងៗ ត្រូវបានអនុញ្ញាតដោយច្បាប់អន្តរជាតិផងដែរ។

លោកបន្ថែមថា «នៅបរទេសខ្លះ មានករណីជួញដូរក្រលៀន និងសរីរាង្គដោយខុសច្បាប់ តាមរយៈការចាប់ជម្រិត និងអ្នកក្រខ្លះសុខចិត្តលក់ក្រលៀន ដើម្បីយកប្រាក់ក៏មាន។ នេះដោយសារការអនុវត្តច្បាប់ នៅធូររលុង»