(ភ្នំពេញ)៖ ការបំពាក់ «QR Code» នៅលើផ្លាក់លេខរថយន្ត បានរួមចំណែកយ៉ាងច្រើនក្នុងការលុបបំបាត់ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឬការបំពាក់ផ្លាកលេខខុសរថយន្តជាដើម បង្កើនចំណូលរដ្ឋ និងរួមចំណែកដល់ការស្វែងរករថយន្តដែលគេចពន្ធផងដែរ។

ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយធ្វើឱ្យរដ្ឋពិបាកក្នុងការគ្រប់គ្រងយានយន្ត បាត់បង់ចំណូលជាតិ ហើយក៏បង្កភាពងាយស្រួលសម្រាប់ជនល្មើសបង្កអសន្តិសុខនៅក្នុងសង្គមផងដែរ។ ដើម្បីលុបបំបាត់បញ្ហាប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឬផ្លាកលេខសេះហោះ ដែលជាបញ្ហាដុះស្លែមួយនៅក្នុងសង្គមកម្ពុជាផងដែរនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរិះរកមធ្យោបាយក្នុងការបិទនូវបញ្ហានេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីដែលបានផ្សារភ្ជាប់ការងារដឹកនាំ និងគ្រប់គ្រងក្រសួងជាមួយប្រព័ន្ធឌីជីថលក្នុងយុគសម័យបច្ចេកវិទ្យាទំនើប បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ទៅដោះស្រាយបញ្ហាស្មុគស្មាញជាច្រើនដែលជាដែនសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានដូចជាផ្តល់សេវាលើការចុះបញ្ជីយានយន្ត ការផ្តល់ និងពន្យារបណ្ណបើកបរជាដើម។

រដ្ឋមន្ត្រីដែលលេចធ្លោរលើកំណែទម្រង់ផ្តល់សេវា និងការគ្រប់គ្រងដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារូបនេះ ក៏បានរិះរកយុទ្ធសាស្ត្រ ដើម្បីលុបបំបាត់ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឬផ្លាកលេខសេះហោះផងដែរ។ ទីបំផុតទៅនៅខែកក្កដា ឆ្នាំ២០១៧ ប្រព័ន្ធ «QR Code» ក៏ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំបំពាក់នៅផ្លាកលេខរថយន្ត។

តាមរយៈ «QR Code» គេអាចដឹងព័ត៌មានរបស់រថយន្តមានដូចជាផ្លាកលេខ ប្រភេទរថយន្ត ពណ៌រថយន្ត ឆ្នាំផលិត លេខតួ លេខម៉ាស៊ីន និងព័ត៌មានពាក់ព័ន្ធដទៃទៀត។

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមជាមួយនាយឧត្តមសេនីយ៍ ហឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ឆ្មក់ពិនិត្យស្វែងរកផ្លាកលេខក្លែងក្លាយលើរថយន្តដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ១។

កម្លាំងនគរបាលចរាចរណ៍ត្រូវបានពង្រាយ និងស្នើសុំការសហការពីម្ចាស់រថយន្ត ដើម្បីត្រួតពិនិត្យផ្លាកលេខ។ កម្លាំងនគរបាលជំនាញ បានប្រើទូរស័ព្ទដែលភ្ជាប់ជាមួយប្រព័ន្ធផ្តល់ជូនដោយក្រសួងសាធារណការ និងដឹកជញ្ជូន ស្កេនលើផ្លាកលេខរថយន្តនីមួយៗ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវរវាងរថយន្ត និងផ្លាកលេខដែលបានបំពាក់។

រថយន្តត្រូវជាច្រើនត្រូវកម្លាំងនគរបាលចរាចរណ៍ហៅដើម្បីត្រួតពិនិត្យ តែគេរកមិនឃើញមានរថយន្តបំពាក់ផ្លាកលេខក្លែងក្លាយ ឬបំពាក់ខុសរថយន្តនោះឡើយ។ ក្នុងប្រតិបត្តិការនោះ ក៏បានរកឃើញរថយន្តមួយគ្រឿង ដែលយកទៅបិទស្កុតពណ៌ ខុសពីពណ៌រថយន្តដែលបានចុះបញ្ជី។ ការបិទស្កុតពណ៌ ឬបាញ់ពណ៌ឱ្យខុសពីពណ៌ដើមនៃរថយន្តចុះបញ្ជី ជាសកម្មភាពដែលច្បាប់បានហាមឃាត់។

នាយឧត្តមសេនីយ៍ ហឹម យ៉ាន បានឱ្យដឹងថា ចាប់តាំងពីក្រសួងសារធាណការ និងដឹកជញ្ជូន ដាក់ចេញវិធានការតឹងរឹងលើការគ្រប់គ្រងរថយន្ត ដោយការបំពាក់ QR Code លើរថយន្ត បានធ្វើឱ្យការប្រើប្រាស់ផ្លាកលេខក្លែងក្លាយធ្លាក់ចុះជាអតិបរមា។ មិនតែប៉ុណ្ណោះប្រព័ន្ធនេះ ក៏បានជួយដល់កម្លាំងនគរបាលក្នុងគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ រក្សាសន្តិុសុខសណ្តាប់ធ្នាប់ និងប្រឆាំងបទល្មើសផ្សេងៗផងដែរ។

នាយឧត្តមសេនីយ៍ ហឹម យ៉ាន បានបញ្ជាក់ដូច្នេះ «ប្រព័ន្ធនេះបានជួយឱ្យយើងគ្រប់គ្រងបានយានយន្ត។ យើងគ្រប់គ្រងបានយានយន្ត គឺយើងអាចគ្រប់គ្រងបាននូវសុវត្ថិភាព បញ្ហាសុវត្ថិភាពទាំងបញ្ហាសន្តិសុខ ទាំងបញ្ហាចរាចរណ៍»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការប្រើប្រាស់ QR Code លើផ្លាកលេខរថយន្តនេះ បានជួយកាត់បន្ថយការក្លែងបន្លំផ្លាកលេខ ជួយសមត្ថកិច្ចគយស្វែងរករថយន្តគេចពន្ធ ហើយក៏បានរួមចំណែកក្នុងប្រមូលចំណូលជូនរដ្ឋផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ប្រទេសកម្ពុជា បានប្រើប្រាស់ QR Code លើផ្លាកលេខរថយន្តនេះមុនគេ ហើយបច្ចុប្បន្នមានប្រទេសមួយចំនួនក៏បានសិក្សាពីកម្ពុជាប្រើប្រាស់ QR Code លើផ្លាកលេខរថយន្តផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ពីភាពឆ្លាតវៃរបស់កម្ពុជាលើការប្រើប្រាស់ QR Code លើផ្លាកលេខរថយន្តយ៉ាងដូច្នេះ «ប្រទេសកម្ពុជាយើងតូចមែន ប៉ុន្តែមិនមែនមានគំនិតតិចតួចស្តួចស្តើងជាងគេនោះទេ។ ការប្រើ QR Code កម្ពុជាជាប្រទេសទី១ លើពិភពលោក ដែលមាន QR Code ភ្លាប់ទៅនឹងផ្លាករថយន្តតែម្តង។ ឥឡូវមានប្រទេសជិតខាង គេកំពុងរៀនសូត្រ ហើយនឹងដាក់ QR Code លើផ្លាកលេខរថយន្តរបស់គេដែរ»។

មាត្រា៧៨ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា ជនដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថា ជាឯកសារ ឬវត្ថុក្លែងក្លាយ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៦៣០នៃក្រមព្រហ្មទណ្ឌ បានចែងថា ការប្រើប្រាស់ឯកសារក្លែងដែលមានចែងក្នុងមាត្រា ៦២៦ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាសទោសដាក់ពន្ធនាគរពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។

ដោយឡែកអនុក្រឹត្យពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា ការយកផ្លាកលេខយកទៅបំពាក់លើរថយន្តផ្សេង ដែលមិនបានចុះបញ្ជីជាមួយគ្នា គឺជាទង្វើខុសច្បាប់ ហើយការយករថយន្តទៅបិទស្កុត ឬប្តូរពណ៌ឱ្យខុសពីពណ៌ដើម ដែលបានចុះបញ្ជីជាមួយក្រសួង ក៏ជាទង្វើខុសច្បាប់ផងដែរ។

ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា ជនប្រើផ្លាកលេខសម្គាល់យានយន្តខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងបាំងផ្លាកលេខ ត្រូវពិន័យទឹកប្រាក់ ១២ម៉ឺនរៀល។ ជនដែលប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត ក៏ត្រូវពិន័យទឹកប្រាក់ ១២ម៉ឺនរៀលផងដែរ។

សម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រហូតមកដល់ពេលបច្ចុប្បន្នការប្រើប្រាស់ផ្លាកលេខក្លែងក្លាយមិនទាន់លុបបំបាត់អស់ទាំងស្រុងនៅឡើយនោះទេ។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកប្រើប្រាស់រថយន្តទាំងអស់គោរពច្បាប់ ហើយប្រើប្រាស់ផ្លាកលេខឱ្យបានត្រឹមត្រូវ។

នាយឧត្តមសេនីយ៍ ហឹម យ៉ាន បានអះអាងថា កងកម្លាំងនគរបាលនៅតែបន្តធ្វើសកម្មភាពដូចភ្លៀងរលឹម ដោយឆ្មក់ចុះតាមដងផ្លូវ ដើម្បីស្វែងរកផ្លាកលេខរថយន្តក្លែងក្លាយ៕