(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ និស្សិតគ្រប់ឯកទេសទាំងអស់ នៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន១០០នាក់ បានធ្វើដំណើរទស្សន​កិច្ចសិក្សានៅ​ព្រឹទ្ធសភា ដែលដឹកនាំដោយលោក សួស សោភា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

លោក សួស សោភា បានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជារៀងរាល់ឆ្នាំតែងតែ ដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការសិក្សាទៅ នឹងការអនុវត្តជាក់ស្ដែង ដើម្បីបានជាប្រយោជន៍បទពិសោធន៍និងចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់និស្សិត។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុក គង់ សមាជិកគណៈកម្មការទី១ នៃព្រឹទ្ធសភា បានថ្លែងថាព្រឹទ្ធសភា គឺជាស្ថាប័នមួយពិនិត្យឲ្យ យោបល់លើអត្ថបទច្បាប់ ដែលអនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើ​សេចក្តី​ស្នើច្បាប់។ តួនាទីសំខាន់របស់ព្រឹទ្ធសភា គឺការពិនិត្យឡើងវិញ រាល់អត្ថបទច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ។ រដ្ឋសភាមិនអាចបញ្ជូន ច្បាប់ដែលខ្លួនបានអនុម័ត រួចហើយឲ្យ​ព្រះ​មហាក្សត្រ ឡាយព្រះហស្តលេខា ប្រកាសឲ្យប្រើជាផ្លូវការមុនពេលដាក់ ឆ្លងឲ្យព្រឹទ្ធសភាពិនិត្យបានឡើយ។

លោកបន្ដថា ទាក់ទងនឹងប្រវត្តិរបស់ព្រឹទ្ធសភា រចនាសម្ព័ន្ធព្រឹទ្ធសភា និងតួនាទីភារកិច្ចរបស់ព្រឹទ្ធសភាដល់និស្សិតបានយល់ឲ្យកាន់តែច្បាស់លើស្ថាប័នព្រឹទ្ធសភា ហើយលោកក៏បានកោត​សរសើរដល់​និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានចំនួនច្រើនកុះករចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានៅស្ថាប័នព្រឹទ្ធសភានាថ្ងៃនេះ ហើយបានធ្វើការបកស្រាយនូវគ្រប់​សំណួរដែលនិស្សិតបានលើកឡើងយ៉ាងក្បោះក្បាយផងដែរ។

លោក សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ នៃព្រឹទ្ធសភា ក៏បានផ្តល់បទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដំណើរការកសាងច្បាប់ ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន​ដែលចូល​រួម​ក្នុងកម្មវិធីទស្សនកិច្ចសិក្សាបានយល់ដឹង។ជាងនេះទៅទៀត លោក និងក្រុមការងាររបស់ព្រឹទ្ធសភា ក៏បានដឹកនាំនិស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទស្សនាកន្លែង​ធ្វើការសំខាន់ៗ​របស់ព្រឹទ្ធសភា មានដូចជា សាលប្រជុំពេញអង្គ សាលប្រជុំអចិន្រៃ្តយ៍ និងបណ្ណាល័យជាដើម។   

គួរបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើគ្រប់ឯកទេសទាំងអស់៕