(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) ដឹកនាំដោយ លោក RATCHAYUT KASEMCHAISIRI ប្រធានប្រធានក្រុមប្រឹក្សាភិបាលសមាគម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសមជាមួយ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាពមល នៅទីស្តីក្រសួងរ៉ែ និងថាមពល ដើម្បីជម្រាបពីប្រវត្តិសង្ខេបរបស់សមាគម។

ការចូលជួបសម្តែងការគួរសមនេះ មានតំណាងក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ ដែលជាក្រុមផលិតស៊ីម៉ងតិ៍ធំៗ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក RATCHAYUT KASEMCHAISIRI បានជម្រាបជូន លោករដ្ឋមន្ត្រីថា ក្រុមហ៊ុនស៊ីម៉ងតិ៍ទាំងអស់នឹងកាត់បន្ថយឧស្ម័នកាបូនិច ឱ្យចុះនៅទាបបំផុត ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ខណៈរោងចក្រស៉ីម៉ងតិ៍ទាំង៥ គឺមានទុនវិនិយោគទុនជាង២ពាន់លានដុល្លារ និងមានបុគ្គលិក កម្មករ កំពុងតែធ្វើការមានចំនួនជាង ១ម៉ឺននាក់។ ដូច្នេះ លោកសុំស្នើឱ្យក្រសួងគាំទ្រដំណើរការងាររោងចក្រស៊ីម៉ងតិ៍ទាំងអស់។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ស៊ុយ សែម បានលើកឡើងសំណូមពរចំនួន៥ចំណុច រួមមានទី១៖ ស្នើសុំឱ្យរោងចក្រស៊ីម៉ងតិ៍រក្សគុណភាពឱ្យបានល្អ និងមានគុណភាពជាអចិន្ត្រៃយ៍, ទី២៖ ត្រូវរក្សាភាពត្រឹមត្រូវនូវរង្វាស់រង្វាល់ គឺធ្វើយ៉ាងណាកុំឱ្យបាត់គីឡូស៊ីម៉ងតិ៍, ទី៣៖ ត្រូវមានតម្លៃសមរម្យ មានន័យលោកមិនចង់មានការនាំចូលស៊ីម៉ងតិ៍ពីប្រទេសជិតខាង, ទី៤៖ កាតព្វកិច្ចបង់ពន្ធ និងសួយសារអាករ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជាពិសេសត្រូវពិនិត្យច្បាប់ឱ្យបានច្បាស់លាស់ ហើយក្រសួងមិនចង់ធ្វើការផាកពិន័យលើរោងចក្រដែលកំពុងតែវិនិយោគនោះទេ និងទី៥៖ ត្រូវបង្កការងារបរិស្ថាន កាត់បន្ថយឧស្ម័នកាបូនិច ឱ្យបានច្រើន ខណៈនៅថ្ងៃខាងមុខរោងផលិតចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម នឹងមិនអនុញ្ញាតនោះទេ លើកលែងតែរោងចក្រអគ្គិសនីដែលបានសុំច្បាប់នៅឆ្នាំ២០១៩។

លោក ពុត ចន្តារិទ្ធ បានបញ្ជាក់ថា សមាគមន៍ឧស្សាហកម្មស៊ីម៉ង់តិ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មស៊ីម៉ង់ត៍ និងមានគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយគោលនយោបាយ និងគោលការណ៍អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកវិនិយោគ, បង្កើនទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសមាគមស៊ីម៉ង់ត៍ ក្នុងការសហការអភិវឌ្ឍ នៅក្នុងកម្ពុជា, ការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម, ផ្តល់នូវព័ត៌មានអំពីទីផ្សារ បច្ចេកទេសគ្រប់គ្រង នីតិវិធីច្បាប់ និងការទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនានាដល់សមាជិកសមាគម៕