(ត្បូងឃ្មុំ)៖ មុនពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំស្ដីពីការចាប់ឆ្នោត ដើម្បីកំណត់លំដាប់ លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោតការដាក់ភ្នាក់ងារគណបក្សនយោបាយសង្កេត ការណ៍បោះឆ្នោត និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក កេង ប៊ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ លោក សុខ ឈិន ប្រធានគណៈកម្ម ការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក សុខ ឈិន បានឲ្យដឹងថា គ្រប់គណបក្សនយោបាយទាំងអស់ ដែលត្រូវចូលរួមប្រកួតប្រជែង ជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវតែមកបំពេញឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់ ដែលបានកំណត់ ក្នុងនោះគ្រប់បេក្ខជនទាំងអស់ ត្រូវបំពេញប្រវត្តិរូបដោយសរសេរដៃ ព្រោះថាគ្រប់បេក្ខជនទាំងអស់យ៉ាងហោចណាស់ ក៏ត្រូវចេះអាននិងសរសេរអក្សរខ្មែរអោយបានច្បាស់ផងដែរ។

ក្នុងឱកាសនោះលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ចំនួន១១ ឈរឈ្មោះបោះឆ្នោត ដោយឡែក៥៩ឃុំ គណបក្សនយោបាយនានា បានចាប់ឆ្នោតកំណត់លេខរៀងរួចរាល់ ចំពោះឃុំ-សង្កាត់ ដែលនៅសល់ កំពុងបន្តនីតិវិធី ក្នុងការចាប់លេខរៀង សម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។

លោក កេង ប៊ុនណា បានថ្លែងការកោតសរសើរចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានដំណើរ ការបានយ៉ាងល្អទៅតាមនីតិវិធីនានា ក្នុងការបោះឆ្នោត សម្រាប់ឲ្យគណបក្សនយោបាយទាំងអស់ ចូលរួមដាក់ពាក្យឈរ ឈ្មោះ ការឃោសនា ការលើកស្លាក និងការចាប់ឆ្នោតកំណត់លេខរៀងនៅតាមទីតាំងឃុំ-សង្កាត់ទូទាំងខេត្តត្បូងឃ្មុំ និងការងារមួយចំនួនទៀត បើទោះបីក្នុងនោះមានបញ្ហាបន្តិចបន្តួច តែក៏បានដោះស្រាយបានយ៉ាងរលូនផងដែរ។

បន្ថែមពីនេះទៀត លោកក៏បានណែនាំដល់គណបក្សនយោបាយទាំងអស់ រាល់សកម្មភាពនានា ត្រូវគោរពទៅតាមនីតិវិធី និង គ.ជ.ប ដែលបានកំណត់។ ដោយឡែកអាជ្ញាធរមូលដ្ឋាន ពិសេសតាមឃុំ-សង្កាត់ ត្រូវចែកវេនគ្នាប្រចាំការ ផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានទាន់ពេលវេលា នឹងជាងនេះទៅទៀតគឺធ្វើយ៉ាងណា ឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅរួចរាល់ឲ្យបានរលូនត្រឹមត្រូវតាមច្បាប់នៃការបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះសម្រាប់ឃុំ-សង្កាត់ នៅទូទាំងខេត្តត្បូងឃ្មុំ មានចំនួន៦៤ និងមានបេក្ខជនឈរឈ្មោះតំណាងគណបក្សនយោបាយចំនួន ១១គណបក្ស៕