(ភ្នំពេញ)៖ ក្នុងសន្និសិទ្ធកាសែត ស្ដីពីយុទ្ធនាការ «Fund the Fund» នៅសណ្ឋាគារភ្នំពេញ តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ អេដស៍នៅកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមថា បើសិនជាការកង្វះជំនួយនៅតែបន្ត ការព្យាបាល និងសេវាព្យាបាលមិនបានពង្រីក ទេនោះ នៅឆ្នាំ២០២០ នឹងមានប្រជាជន២១លាននាក់ត្រូវស្លាប់ និង២៨លាននាក់ទៀតនឹងត្រូវឆ្លងជំងឺអេដស៍ ទូទាំងពិភពលោក។

លោក ឈឹម សារ៉ាត់ នាយកអង្គការ AHF ប្រចាំតំបន់អាស៊ីបានឱ្យដឹងថា «កន្លងមកប្រទេស ដែលជាម្ចាស់ជំនួយតែងតែផ្ដល់ជំនួយ មិនបានគ្រប់គ្រាន់នូវតម្រូវការរបស់មូលនិធិសកលនោះទេ ជាពិសេសប្រទេសមហាអំណាចធំៗ មានប្រទេសចិន ជប៉ុន អាល្លឺម៉ង់ជាដើម ដែលជាម្ចាស់ជំនួយ ពុំបានផ្ដល់ថវិកាគ្រប់ចំនួនទៅតាមសេចក្ដីត្រូវការនោះទេ ដល់មូលនិធិសកលយើង»

លោកបានបន្ថែមថា នៅខែតុលា ឆ្នាំ២០១៦ខាងមុខ អង្គការនឹងធ្វើការតស៊ូមតិទៅដល់បណ្ដាប្រទេសនានា ដើម្បីឱ្យប្រទេសទាំងនោះមាន ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់ជំនួយជួយដល់មូលនិធិសកល ដែលត្រូវការថវិកាជាង១៣ពាន់លានដុល្លារអាមេរិកក្នុងគោលបំណងបន្តជួយ ដល់អ្នកឆ្លង និងផ្ទុកជំងឺអេដស៍ជុំវិញពិភពលោក ក្នុងជុំទី៥។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការតស៊ូមតិ ជាមួយបណ្ដាប្រទេស មហាអំណាចខាងលើនេះ អង្គការ AHF នឹងធ្វើការដាក់ញត្តិទៅបណ្ដា ស្ថានទូតទាំងនោះ ដែលប្រចាំនៅកម្ពុជា ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធក្នុងស្ថានទូត បញ្ជូនញត្តិនេះទៅដាក់រដ្ឋាភិបាលរបស់គេបន្ត៕