(ភ្នំពេញ)៖ «Miss Global 2015» ៣រូបទៀត នឹងមកដល់ប្រទេសកម្ពុជា នៅ​ម៉ោង៥ ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បី​​ចូល​រួម​ការ​ប្រគំ​តន្រ្តី​សប្បុរស​ធម៌ ប្រមូល ថវិកា​ជួយ​មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ការទទួលស្វាគមន៍ដំណើរមកដល់របស់ «Miss Global 2015» ៣​រូប​ទៀត គឺ​រៀប​ចំ​ដោយ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួងទេសចរណ៍ រួមនឹង សិល្បករ សិល្បការិនី ជាច្រើនរួមទៀត ចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។ នេះ​បើ​តាម​ការ​លើក​​ឡើង​របស់​លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ប្រាប់​អង្គភាព Fresh News និង Khmertalking នៅមុននេះបន្តិច។

នេះជាលើកទី១ហើយ ដែល Miss Global បានអញ្ចើញមកប្រទេសកម្ពុជា ដើម្បីចូលរូមការប្រគំតន្រ្តីសប្បុរសធម៌ និងមកបំពេញទស្សនកិច្ច នៅ​តាម​រមណីយ​ដ្ឋាន​នា​នា ជា​ពិសេស គឺប្រាសាទអង្គរវត្តជាដើម។ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែល​មាន​បុគ្គល​ល្បី​ល្បាញ​មក​ទស្សនា និង​ដើរ​លេង​កំសាន្ត។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អង្គភាព Fresh News និង Khmertalking នៅមុននេះបន្តិចថា «​Miss Global 2015 មក​ចូល​រួម​ការ​ប្រគំ​តន្រ្តី សប្បុរស​ធម៌ ប្រមូលថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ គឺ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត។ គាត់​ទាំង​អស់​គ្នា អញ្ជើញ​មក​នៅ​ពេល​នេះ គឺ​ដោយ​សារ​តែ​​ពួក​គាត់មើលឃើញ ថា ប្រទេសកម្ពុជា គឺជាប្រទេសមានសុខសន្តិភាព មាន​ភាព​ទាក់​ទាញ និង​មាន​រមណីយដ្ឋាន​ស្អាតៗ ជា​ច្រើន​កន្លែង​»។

លោកស្រី ភឿ សកុណា បន្តថា ដំណើរមកដល់របស់ Miss Global 2015 នេះ នឹងជួយឲ្យកម្ពុជា មានភាពល្បីល្បាញជាងមុន តាមរយៈការជួយ​ផ្សព្វ​ផ្សាយ​ពី «Miss Global 2015» និងតាមរយៈប្រវត្ថិសាស្រ្តរបស់កម្ពុជា និងភាពល្អប្រណិត នៃតំបន់រមណីយដ្ឋានដ៏ល្អ​ឥត​ខ្ចោះ​​របស់​កម្ពុជា​ផង​ដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ «Miss Global 2015» មួយរូប បាន​អញ្ចើញមកប្រទេសកម្ពុជា​។ ចំណែក​ល្ងាច​ថ្ងៃ​ដដែល​​នេះ ក៏​​មាន​​វត្ត​មាន​​របស់ «Miss Global ​2015» ៣រូបបន្ថែមទៀត ដើម្បី​ចូលរួមការប្រគំតន្រ្តីសប្បុរសធម៌ ដែលគ្រោងរៀបចំ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា​ខាង​មុខ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធ​សភា និង​​​អធិការ​​​កិច្ច តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

«Miss Global 2015 »ទាំង៤រូបដែលអញ្ចើញមកទស្សនកិច្ច នៅកម្ពុជា គឺជាបវរកញ្ញា ដែលជាប់ចំណាត់ថ្នាក់ពី​លេខ​១ ដល់​លេខ ៥ រួម​មាន បវរ​កញ្ញា មក​ពី​ប្រទេស​អាមេរិក ប្រទេស​អូស្រ្តាលី ប្រទេស​អៀរ​ឡង់ និង​ប្រទេស​ប៊ុលការី តែអវត្តមានបវរកញ្ញា មកពីប្រទេសហ្វីលីពីនមួយរូប៕