(ភ្នំពេញ)៖ ក្នុងជំនួបកំពូលរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកទស្សនៈគ្នាអំពីប្រព័ន្ធឌីជីថលថាមានសក្តានុពល ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងមួយកម្រិតបន្ថែមទៀត និងអំពីសារសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថល។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានទទួលស្គាល់ថា ការអភិវឌ្ឍប្រព័ន្ធទូទាត់របស់ធនាគារជាតិនៃកម្ពុជា «បាគង» ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនជប៉ុន គឺជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយនវានុវត្តន៍ ដែលឈានមុខគេក្នុងតំបន់ និងពិភពលោក ហើយបានទទួលស្គាល់ពីសារសំខាន់ នៃការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួបកំពូលនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឹមីអូ បានលើកឡើងយ៉ាងដូច្នេះថា «យើង [កម្ពុជា-ជប៉ុន] នឹងចាប់ផ្តើមសហប្រតិបត្តិការថ្មី ក្នុងវិស័យថាមពល សន្តិសុខ សេដ្ឋកិច្ច ឌីជីថល និង Cyber។ ខ្ញុំលើកឧទាហរណ៍មួយ គឺប្រព័ន្ធទូទាត់ឌីជីថល បាគង នៃធនាគារជាតិកម្ពុជា បានបង្កើតឡើងដោយសហការជាមួយសហគ្រាសជប៉ុន។ ជប៉ុននឹងបន្តគាំទ្រដល់គម្រោងនានា ដ៏មានក្តីសង្ឃឹមនាពេលអនាគត ដូចគម្រោងបាគង»។
ក្នុងជំនួបដ៏មានផ្លែផ្កានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុន ដែលចូលរួមចំណែក ក្នុងការសម្រេចបាននូវទីក្រុងឆ្លាតវៃនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីទាំងពីរ ក៏បានយល់ព្រមសហការគ្នា ដើម្បីឈានឆ្ពោះទៅការសម្រេចបានបន្ថែមទៀតលើវិស័យនេះ។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ដំណើរការប្រព័ន្ធប្រតិបត្តិការ ទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច «បាគង» ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ការដាក់ឲ្យប្រើប្រាស់នេះ ដើម្បីដោះស្រាយនូវបញ្ហាទូទាត់ ព្រោះប្រព័ន្ធបាគង ដើរតួនាទីជាប្រព័ន្ធទូទាត់ឆ្អឹងខ្នង (Backbone payment System) សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ជាបណ្តុំតែមួយ។
ពីមួយថ្ងៃទៅមួយថ្ងៃ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក «បាគង» មានការកើនឡើងជាខ្លាំង ដោយមានអ្នកទាយយកទៅប្រើប្រាស់ក៏កើនឡើងជាលំដាប់ ដោយប្រព័ន្ធនេះងាយស្រួលក្នុងទូទាត់ និងផ្ទេរប្រាក់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងចំណាយថ្លៃសេវាតិច៕