(ភ្នំពេញ)៖ យោងតាមសេចក្តីណែនាំលេខ០០៦ គសចគចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការជំរុញអនុវត្តច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោកថ្មី និងសេចក្តីសម្រេចលេខ០០៧ គសចគ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារ ចំណុះគណៈកម្មាធិកាជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតាមការណែនាំរបស់ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក រុន  រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ក្រុមការងារត្រួតពិនិត្យ សាលាបង្រៀនបើកបរយានយន្ត ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡុង ធូ ជាអនុប្រធានក្រុមការងារ បានដឹកនាំសមាជិកក្រុមចុះត្រួតពិនិត្យ សាលាបង្រៀនបើកបររថយន្តក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញចំនួន ០៤សាលា រួមមាន ៖ សាលាបង្រៀនបើកបររថយន្ត ហេង ចំណាន, សមត្ថភាព, ដៃធំII និង សាលាបង្រៀនបើកបរ២ធ្នូ។

ជាលទ្ធផលបានពិនិត្យឃើញថា សាលាបង្រៀនបើកបររថយន្តទាំងអស់ មានច្បាប់អនុញ្ញាត ធ្វើអាជីវកម្មត្រឹមត្រូវតាមសេចក្តីប្រកាស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងធ្វើអាជីវកម្ម សាលាបង្រៀនបើកបរយានយន្ត។

ដូច្នេះក្រុមការងារ សូមអំពាវនាវដល់សាលាបង្រៀនបើកបរ យានយន្តទាំងអស់ សូមឲ្យអនុវត្តទៅតាមច្បាប់ និង លិខិតបទដ្ឋាននានា ដែលតម្រូវឲ្យបានត្រឹមត្រូវ និងសុំឲ្យសាធារណជន ដែលស្វែងរកការរៀនបើកបរ សុំឲ្យជ្រើសរើស សាលាបង្រៀនបើកបរណាល្អបង្រៀន គ្រប់ម៉ោង គ្រូមានវិញ្ញាបនប័ត្របញ្ជាក់ សមត្ថភាពត្រឹមត្រូវ ដើម្បីធានាបានគុណ ភាពក្នុងការបើកបរយាយន្ត រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកឲ្យនៅកម្រឹតទាប៕