(ភ្នំពេញ)៖ ប្រជាជនបានសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ដែលបានឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់ទៀត រួចហើយក៏បញ្ជូនទៅឱ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីអនុវត្តតាមផ្លូវច្បាប់ ខណៈបក្ខពួកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ជនសង្ស័យម្នាក់នេះមានឈ្មោះ នេន រស្មី អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែន មុខណាហ្គាវើល មានមុខរបររត់រ៉ឺម៉កកង់បីផង រត់ Pas App ផង ហើយក៏ឆ្លៀតជិះឆក់ទូរស័ព្ទដៃទៀត។

ជនសង្ស័យឈ្មោះ នេន រស្មី បានសារភាពថា កាលពីវេលាម៉ោង៤៖០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រូបគេនិងបក្ខពួកម្នាក់ទៀតឈ្មោះ តុង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះដែលកំពុងអង្គុយក្នុងរ៉ឺម៉កកង់បី នៅចំណុចមហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យបានបន្តថា ខណៈពេលដែលជនរងគ្រោះកំពុងកាន់ទូរស័ព្ទអង្គុយក្នុងរ៉ឺម៉កកង់បី ពួកគេក៏កញ្ឆក់ទូរស័ព្ទពីដៃរបស់ជនរងគ្រោះ ប៉ុន្តែត្រូវបានជនរងគ្រោះកញ្ឆក់ចាប់ដៃបាន បណ្ដាលឲ្យដួលម៉ូតូ។ ឃើញសភាពមិនស្រួល ក្រុមជនសង្ស័យក៏នាំគ្នារត់គេចខ្លួន ដោយរូបគេរត់ទៅបុកនឹងថ្មរនាំងទ្រូងផ្លូវ បណ្ដាលឲ្យដួល រួចងើបឡើងរត់ត្រឡប់ទៅក្រោយតាមផ្លូវព្រះនរោត្តម ឡើងតាមផ្លូវសុធារស ចូលតាមផ្លូវលំទៅលាក់ខ្លួននៅផ្សាររន្ទះបាញ់។ ចំណែកបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ តុង បានយកទូរស័ព្ទរត់គេចខ្លួនបាត់មិនដឹងថាគេទៅទីណាទេ ហើយក៏មិនស្គាល់កន្លែងស្នាក់នៅរបស់វាដែរ។

បើតាមមន្ត្រីអាវុធហត្ថខណ្ឌចំការមន ក្រោយពេលកើតហេតុ កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ ឃើញម៉ូតូ១គ្រឿងម៉ាក Suzuki Nex មួយគ្រឿង ផ្ដួលចោលនៅលើផ្លូវ ខណៈជនរងគ្រោះក៏កំពុងស្ថិតនៅទីនោះ ដោយបានប្រាប់សមត្ថកិច្ចថា ជនសង្ស័យបានឆក់យកទូរស័ព្ទរត់ចូលទៅក្នុងភូមិបាត់។ បន្ទាប់មក កម្លាំងសមត្ថកិច្ចក៏បានរុករកតែពុំឃើញ ក៏លើកយកម៉ូតូមករក្សាទុក ដើម្បីស្រាវជ្រាវបន្ត។

មន្ត្រីដដែលបានបន្តថា ដោយមានការសហការល្អពីប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងមិត្តភក្តិ៤ទៅ៥នាក់ ដែលបានជួយចូលរុករក នៅម៉ោង៥៖២២នាទីក៏ប្រទះឃើញជនសង្ស័យដែលមានសភាពភ័យញ័រ ក៏បាននាំគ្នាឃាត់ទុក និងដឹកយកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តការស្រាវជ្រាវ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕