(ភ្នំពេញ)៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ និងចុះហត្ថលេខាលើឯកសារមួយចំនួន។

ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

លោក គីស៊ីដា ហ្វូមីអូ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជារួចម្តងហើយកាលពីឆ្នាំ២០១៤ ពេលរូបលោកនៅជារដ្ឋមន្ត្រីការបរទេសជប៉ុន។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមីអូ នៅកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ នេះជាការកត់សម្គាល់របស់ ក្រសួងការបរទេស។

ជាមួយនឹងដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា Fresh News សូមគូសរំលេចនូវប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយចំនួន ដែលបានលេចចេញជារូបរាងក្រោមទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន៖

កម្ពុជា និងប្រទេសជប៉ុន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងនេះ នឹងមានអាយុកាលគម្រប់ ៧០ឆ្នាំ នៅឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជា និងជប៉ុន បានដំឡើងកម្រិតទំនាក់ទំនង ពីកម្រិតធម្មតា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទំនាក់ទំនងកម្រិតខ្ពស់នៅខែធ្នូ ឆ្នាំ២០១៣។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជប៉ុន បានបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាប ដោយទទួលបន្ទុកខេត្តចំនួន៥ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។

តាមរយៈទំនាក់ទំនងដែលវិវឌ្ឍកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំនោះ បានធ្វើឱ្យមានព្រះរាជដំណើរ និងដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន ជាបន្តបន្ទាប់។

ក្នុងនោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន ៤ដង គឺនៅឆ្នាំ២០១០, ២០១៤, ២០១៨ និង២០១៩ យាងចូលរួមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី ណារូហ៉ីតូ។

សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ និងជាតួអង្គដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងកម្ពុជា-ជប៉ុន បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនច្រើនលើកបំផុត គឺរហូតដល់ទៅ២៣ដង។ ក្នុងនោះដំណើរទស្សនកិច្ចផ្លូវការមានចំនួន៤លើក គឺនៅឆ្នាំ២០០៧, ២០១៣, ២០១៥ និង២០១៥។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន កាលពីខែកញ្ញា ឆ្នាំ២០១៨។

កាលពីកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង ក៏ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចពិសេសបំផុត ដោយជប៉ុនបានយកយន្តហោះពិសេសមកដឹកលោកបណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូដោយផ្ទាល់។

ដោយឡែកគណៈប្រតិភូជប៉ុន ក៏បានយាង និងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះមានអតីតនាយករដ្ឋមន្ត្រី ៤រូបរួមមាន៖ លោក អាបេ ស៊ីហ្សូ ទស្សនកិច្ចនៅឆ្នាំ២០១៣, លោក ណូដា យ៉ូស៊ីហ៉ីកូ ទស្សនកិច្ចនៅឆ្នាំ២០១២, លោក កូអ៉ីហ្សមី ជូនីឈីរូ ទស្សនកិច្ចនៅឆ្នាំ២០០២ និងលោក អូបឹជិ កេហ្សូ ទស្សនកិច្ចនៅឆ្នាំ២០០០។

ព្រះអង្គម្ចាស់ អាគីស៊ីណូ បានយាងចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋកាលពីឆ្នាំ២០១៣។ ព្រះចៅអធិរាជ ណារូហ៉ីតូ ពេលព្រះនៅជាព្រះរាជទាយាទ បានយាងបំពេញព្រះរាជទស្សនកិច្ចនៅឆ្នាំ២០១២។

លោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ កាលពីឆ្នាំ២០១៤ ពេលរូបលោកនៅជារដ្ឋមន្ត្រីការបរទេសជប៉ុន។ ដំណើរទស្សនកិច្ចនាពេលនោះ លោកបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារទំនើបអ៉ីអន១។

ក្រៅតែពីដំណើរទស្សនកិច្ច បានលើកឡើងខាងលើនេះ ក៏នៅមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនជាច្រើនរូបទៀត ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។

ក្រោមចំណងទំនាក់ទំណង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ កម្ពុជា និងជប៉ុន ក៏បានបង្កើតឱ្យកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនឹងគ្នាជាច្រើនផងដែរ។ ក្នុងនោះកម្ពុជា បានគាំទ្រលើគោលនយោបាយរបស់ជប៉ុនមួយចំនួនមានដូចជា៖ ការរួមចំណែកយ៉ាងសកម្មដើម្បីសន្តិភាព, យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ, ការនេសាទត្រីបាឡែនជប៉ុន និងកិច្ចសន្ទនាស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

កម្ពុជា និងជប៉ុន ក៏មានកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្ស និងមានកិច្ចប្រជុំជាញឹកញាប់លើការងារជាច្រើនទៀត ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា។

ផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើរនេះ កម្ពុជា និងជប៉ុន ក៏បានជំរុញការវិនិយោគ និងពាណិជ្ជកម្មក្នុងកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។ ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម។

សម្រាប់ការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក។

ជប៉ុន ក៏ជាប្រទេសមួយដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ វប្បធម៌ និងសុខាភិបាល គួរឱ្យកត់សម្គាល់ផងដែរ។ យោងតាមរបាយការណ៍បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែមិថុនា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុប ១,៤២០នាក់ ដើម្បីទៅបន្តការសិក្សារយៈពេលវែងនៅប្រទេសជប៉ុន។

ពាក់ព័ន្ធវិស័យសុខាភិបាល រដ្ឋាភិបាលជប៉ុន ក៏ជាប្រទេសដែលបានជួយគាំទ្រ និងផ្តល់ជំនួយជាច្រើនសម្រាប់លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្នុងពេលកម្ពុជាជួបការរាតត្បាតនឹងជំងឺកូវីដ១៩។

របាយការណ៍បានបង្ហាញថា ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះ ជប៉ុន បានផ្តល់ជំនួយជាង ១៨លានដុល្លារ សម្រាប់ទិញបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ដែលក្នុងនោះរថយន្តសង្គ្រោះ ១០០គ្រឿង បានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

ជប៉ុន បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ជាង ៦លានដុល្លារ តាមរយៈការិយាល័យអង្គការសហប្រជាជាតិ។ ជប៉ុន ក៏បានផ្តល់កម្ចីជាង ៤០០លានដុល្លារអាមេរិក សម្រាប់ការគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ១៩។

ជប៉ុន ក៏បានផ្តល់ជំនួយឥតសំណងជិត ១លានដុល្លារ ជាសម្ភារៈបរិក្ខារសម្រាប់រក្សាសីតុណ្ហភាព និងសម្រាប់ដឹកជញ្ជូន ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ជប៉ុន បានផ្តល់វ៉ាក់សាំងអាស្ត្រាហ្សេនីកាប្រមាណ ១លាន ៣០ម៉ឺនដូស ដល់កម្ពុជាផងដែរ។

យោងតាមរបាយការណ៍ ក៏បានបង្ហាញដែរថា ប្រទេសជប៉ុន ក៏ជាប្រទេសដែលបានផ្តល់ជំនួយ និងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ និងកម្ចីសរុបជិត ៦ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ ជំនួយឥតសំណងជិត ៤ប៊ីលានដុល្លារ និងកម្ចីជិត ២លានដុល្លារ។

ជប៉ុន ក៏បានរួមចំណែកគាំទ្រដល់ការបោសសំអាតមីននៅកម្ពុជាដ៏សកម្មផងដែរ។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយគាំទ្រសកម្មភាពបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុប ២០០លានដុល្លារអាមេរិក។

ក្រៅតែពីនេះ ជប៉ុន ក៏បានផ្តល់ជំនួយទ្រទ្រង់ដល់ការរៀបចំការបោះឆ្នោត និងសាលាក្តីខ្មែរក្រហមហផងដែរ។

ជប៉ុន ក៏ជាប្រទេសដែលបានរួមចំណែកផ្តល់ការងារជូនពលរដ្ឋខ្មែរដ៏សំខាន់មួយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ។ ចាប់ពីខែមេសា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនពលករជំនាញប្រភេទ១ ទៅធ្វើការនៅជប៉ុនចំនួន ៦៨៧នាក់ ស្ត្រី ៤០៥នាក់។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ មានពលករខ្មែរ ៦៦១នាក់ ស្ត្រី ៣៨៧នាក់ កំពុងបម្រើការងារនៅជប៉ុន។

របាយការណ៍ស្ថានទូតជប៉ុន បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២១ ជនជាតិជប៉ុន ដែលកំពុងស្នាក់នៅកម្ពុជាមានជាង ៤ពាន់នាក់ ហើយសិស្ស-និស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងប្រទេសជប៉ុនមានជិត ៦ពាន់នាក់។ ក្នុងនោះសិស្ស-និស្សិតអាហារូបករណ៍មាន ៦៩៣នាក់៕