(ព្រៃវែង)៖ លោក ចាន់ អ៊ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកពាមរក៍ ខេត្ដព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារមូលដ្ឋាន សំដៅជំរុញការធ្វើវេទិកាសាធារណៈដើម្បីដោះស្រាយ ទទួលយកសំណើ សំណូមពរ របស់ប្រជាពលរដ្ឋតាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង។

ក្នុងឱកាសនោះ លោក ចាន់ អ៊ាន ក៏បានប្រកាសចូលកាន់តួនាទីលោក ហួម តាំងហឿត ជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំពាមរក៍ ជំនួសលោក ឈុំ វាសនា។

លោក ចាន់ អ៊ាន ក៏បានណែនាំ និងក្រើនរំលឹកបន្ថែមទៀតដល់ក្រុមការងារមូលដ្ឋានទាំង៨ឃុំ និងភូមិទាំងអស់ក្នុងស្រុកពាមរក៍ ត្រូវខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈផ្សេងជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយក៏ត្រូវបង្កើន និងបន្ដការធ្វើវេទិកាសាធារណៈផងដែរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្នុងករណីហួសដែនសមត្ថកិច្ច ត្រូវរាយការណ៍ជូនថ្នាក់លើ ដើម្បីស្វែងរកដំណោះស្រាយ។

ជាមួយគ្នានេះ បន្ទាប់ពីប្រកាសចូលកាន់តួនាទីជាប្រធានក្រុមការងារចុះជួយឃុំពាមរក៍ លោក ហួម តាំងហឿត នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក៏បានជួបប្រជុំសំណេះសំណាល ជាមួយប្រធានគណបក្សឃុំ ក្រុមប្រឹក្សាឃុំ ប្រធានភូមិ អនុភូមិ សមាជិកភូមិ យុវជនគណបក្សឃុំ និងប្រជាការពារភូមិទាំង៥ ក្នុងន័យត្រៀមបំពេញការងារដែលថ្នាក់លើប្រគល់ជូនដើម្បីបម្រើប្រជាពលរដ្ឋ៕