(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត មានសក្តានុពលខ្ពស់ក្នុងការទាញយកផលប្រយោជន៍ទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបែបនេះ តាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ជាមួយនឹងការបង្ហោះរូបភាពទទួល ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត មកកាន់ប្រទេសកម្ពុជា។

លោក ប្រាក់ សុខុន បានលើកឡើងដូច្នេះថា «ម្សិលមិញគឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀត សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ខណៈដែលខ្ញុំបានស្វាគមន៍ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់ប្រទេសកម្ពុជា ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ»

លោកបានគូសបញ្ជាក់ថា «យើងមានប្រធានបទច្រើនត្រូវពិភាក្សាក្នុងជំនួបរយៈពេលខ្លីនេះ ដែលយើងដឹងច្បាស់ណាស់ថា ប្រទេសទាំងពីរមានសក្តានុពលខ្ពស់ក្នុងការទាញយកផលប្រយោជន៍ទៅវិញទៅមកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគ្រប់វិស័យ»

ខណៈដែល លោកឧបនាយករដ្ឋមន្ត្រីមានការរំពឹងទុកថា មិត្តភាពរវាងប្រទេសទាំងពីរ នឹងកាន់តែបន្តរីកលូតលាស់។ ប្រមុខការទូតកម្ពុជា ក៏បានទទួលយកការអញ្ជើញរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលខាងមុខនេះផងដែរ៕