(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះពិនិត្យប្រឡាយមួយខ្សែរដែលបានស្តាររួច នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៦ ក្នុងភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង ខេត្តព្រៃវែង ដែលប្រឡាយមួយខ្សែនេះ មានប្រវែង៣,៣០០ម៉ែត្រ អាចស្រោចស្រព្វលើផ្ទៃដីកសិកម្មពី៧០០ទៅ៨០០ហិតា ក្នុងនោះ គ្រួសារដែលទទួលផលពីប្រឡាយមាន៣០២គ្រួសារ មាន៣ភូមិ គឺភូមិព្រែកជ្រៃក្រោម ភូមិអន្លង់ទ្រា និងភូមិពាមស្តី។

លោកអភិបាលបានបញ្ជាក់ថា ប្រឡាយនេះ ចាប់ផ្តើមស្តារពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្តាររួចជាស្ថាពរនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ចំណាយថវិកាផ្ទាល់របស់លោកអភិបាល៥០% និងថវិកាបដិភាគរបស់កសិករ៥០% ថវិកាសរុបអស់១១,៥៥០,០០០រៀល។ ក្នុងឱកាសនោះដែរ លោកអភិបាល ជា សុមេធី បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តប្រជាពលរដ្ឋ ដែលបានចូលរួម​បដិភាគថវិកា​ក្នុងការស្តារ​ប្រឡាយនេះ។ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែរក្សាប្រឡាយនេះ ដើម្បីសម្រាប់ប្រើប្រាស់​បានយូរអង្វែង ហើយបានអំពាវ​ដល់បងប្អូនទាំងអស់ បើនៅតំបន់ណា​មានការខ្វះខាត​ទឹកប្រើប្រាស់ សូមឲ្យរាយការណ៍​មកអាជ្ញាធរឃុំ ស្រុក ឬខេត្តឲ្យបានទាន់ពេលវេលា ដើម្បីមានវិធាន​ការដោះស្រាយ ជូនឲ្យបានទាន់ពេល​វេលាផងដែរ។ លោកបានបន្តថា នៅពេលមានភ្លៀង ផ្គរសូមឲ្យមានការប្រុងប្រយត្ន័ចំពោះរន្ទះ កុំបណ្តែតបណ្តោយឲ្យកូនតូចៗ ទៅលេងទឹកម្នាក់ឯងខ្លាចមានគ្រោះថ្នាក់។ជាចុងក្រោយ លោកអភិបាលក៏បានណែនាំអាជ្ញាធរ សមត្ថកិច្ច​ទាំងអស់ត្រូវទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅមូលដ្ឋានរបស់ខ្លូន ឱ្យខានតែបាន។ លោកបានជួយឧបត្ថមបន្ថែមនូវទឹក១,០០០,០០០រៀល សម្រាប់ស្តារប្រឡាយបន្ត​ពីប្រឡាយ​ដែលបានស្តាររួចប្រវែង​២០០ម៉ែត្រទៀត។

ឈ្លៀតក្នុងឱកាសនោះដែរ លោក រស់ ចយ តំណាងប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិទាំងបីបានសម្តែង​នូវក្តីរំភើបក្រៃលែង ចំពោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលបានជួយស្តារ​ប្រឡាយជូន​ពួកគាត់ សម្រាប់យកទឹកមកស្រោចស្រព្វដំណាំចំរុះនៅរដូវប្រាំង ជាពិសេសបានរួម​ចំណែកក្នុង​ការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ពួកគាត់ផ្ទាល់ ហើយប្រឡាយ​នេះបានជួយ​រំដោះទឹក​នៅពេលមាន​ទឹកជន់ផងដែរ៕