(ភ្នំពេញ)៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជា នៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ និងចុះហត្ថលេខាលើឯកសារមួយចំនួន។

ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសនេះបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។

នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមីអូ នៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ នេះជាការកត់សម្គាល់របស់ ក្រសួងការបរទេស។

លោក គីស៊ីដា ហ្វូមីអូ ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន។ លោកត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រ ជាផ្លូវការឱ្យឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

កន្លងមក លោក Kishida ធ្លាប់បានកាន់តួនាទីជា ប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីចន្លោះឆ្នាំ២០១២-២០១៧ ។ លោក Fumio Kishida បានក្លាយជានាយករដ្ឋមន្ត្រីទី ១០០របស់ជប៉ុន៕