(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយជាសាំងបង្ការជំងឺកូវីដ១៩ តាមយន្តការកូវ៉ាក់ ចំនួន ២លានដូសបន្ថែមទៀត មកកម្ពុជា បើគិតរហូតមកពេលនេះមានប្រទេសចំនួន៩ហើយ ដែលបានផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសទទួលវ៉ាក់សាំងប្រមាណជិត១៤ម៉ឺនដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបន្តថា នៅក្នុងខែមីនានេះ យើងរំពឹងថានឹងទទួលវ៉ាក់សាំងជាជំនួយទ្វេរភាគី ពីប្រទេសអ៉ីតាលី ហើយម្សិលមិញនេះ ក៏មានការប្រជុំពិសេសរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយជាការតាំងចិត្ត ចិនបានប្រកាសផ្តល់វ៉ាក់សាំងជូនកម្ពុជា ចំនួន២០លានដូស ហើយក្នុងនោះវ៉ាក់សាំងប្រមាណ៥លានដូស នឹងរំពឹងថាមកដល់កម្ពុជា នៅចន្លោះថ្ងៃទី២៨ ឬថ្ងៃទី៣០ ខែមីនា ខាងមុខនេះផងដែរ។

នាឱកាសនោះដែរ លោកស្រី បានរំពឹងថា «សម្រាប់ខែមីនា ឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងមានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រមាណ ៥ ឬលានដូសនឹងដឹកមកកម្ពុជា។ បន្ថែមពីនេះកម្ពុជា នឹងទទួលវ៉ាក់សាំងតាមរយៈយុទ្ធការកូវ៉ាក់ចំនួន ៥.៥សែនដូស ទៀតជាចំណែកៗចាប់ពីខែ៣ រហូតដល់ខែ៩ ចុងឆ្នាំ២០២២»

លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា៖ «ចំពោះប្រទេសទ្វេភាគីកម្ពុជា បានទទួលវ៉ាក់សាំងចំនួន៧ប្រទេសហើយ ហើយនៅពេលខាងមុខនេះ សហរដ្ឋអាមេរិក នឹងជួយចំនួន២លានដូសទៀត តាមរយៈយន្តការកូវ៉ាក់ ដូច្នេះប្រសិន បើបូកជាមួយអាមេរិក យើងមានប្រហែលជិត ១០ប្រទេសហើយ ដែលជួយកម្ពុជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង»

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា រហូតមកពេលនេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជា ទទួលបានជាក់ស្តែងមានប្រហែល៥០លានដូស ទាំងជំនួយទ្វេរភាគី, តាមយន្តការកូវ៉ាក់ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាល ដូច្នេះនៅក្នុងឃ្លាំងទូទាំង យើងនៅមានប្រហែលជាង៦លានដូស ដែលកំពុងធ្វើចលនាចាក់ជូនប្រជាពលរដ្ឋ។

ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន, ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី អ៉ីតាលី៕