(ក្រគរ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ និងសហការី បានចុះទៅពិនិត្យលទ្ធផលការងារដើម្បីជំរុញការអនុវត្តផែនការសកម្មភាពមូលដ្ឋាន ឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

ការចុះពិនិត្យលទ្ធផលការងារមូលដ្ឋាននេះ បានប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណវត្តក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ដោយមានចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារខេត្តចុះជួយសង្កាត់ទាំង៥ក្នុងក្រុងក្រចេះ ប្រធានគណបក្សក្រុង ប្រធានគណបក្សសង្កាត់ ចៅសង្កាត់ បេក្ខជនចៅសង្កាត់ គណៈកម្មាធិការ សាខាបក្សភូមិទាំង២ក្នុងសង្កាត់ក្រគរ ប្រធានក្រុមបក្សភូមិ មន្រ្តីមូលដ្ឋានសរុបចំនួនប្រមាណជាង ៣០០នាក់។

បន្ទាប់ពីលោក សេក ប៊ុនហេង ប្រធានគណបក្សក្រុងក្រចេះ បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពការងារមូលដ្ឋានសម្រាប់ការចូលរួមបោះឆ្នោតនាពេលខាងមុខរួចមក លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងមតិ សំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន ដោយធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសំរេចបាននាពេលកន្លងមក ដែលបានចូលរួមចំណែកជាមួយមូលដ្ឋានទាំអស់នៅទូទាំងប្រទេស ដើម្បីសំរេចឱ្យបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគឺ «រក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២» នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងរំលឹកអង្គប្រជុំទាំងមូលពីការងារសំខាន់បន្ទាន់៣ចំណុច ដែលក្រុមការងារនិងមន្រ្តីមូលដ្ឋានទាំងអស់ត្រូវសកម្មប្រមូលផ្តុំអនុវត្ត៖

ទី១៖ ការធ្វើឱ្យជាក់ស្តែងពិតប្រាកដនូវបច្ចុប្បន្នភាពនៃការគ្រប់គ្រងអ្នកបោះឆ្នោតជាសមាជិកគណបក្ស និងពលរដ្ឋជាអ្នកដល់អាយុបោះឆ្នោត ដើម្បីផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយក្រុមបក្ស និងគ្រួសារនីមួយៗ សំដៅពង្រឹង ជំនឿជឿជាក់រឹងមាំរបស់ប្រជាពលរដ្ឋទូទៅក្នុងសហគមន៍មកលើសុខសន្តិភាព និងការដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនសំរាប់អនាគតយូរអង្វែង។

ទី២៖ ការពុះពារ ខ្នះខ្នែង ដុតជើងដុតដៃ បំពេញភារកិច្ចនយោបាយជំរុញសកម្មភាពជាក់ស្តែង រួមសុខរួមទុក្ខជាមួយប្រជាជន ធ្វើអំពើល្អសព្វបែបយ៉ាងបំរើប្រជាជន ឈឺឆ្អាល ជួយយកអាសា ដោះទុក្ខធុរៈរបស់ប្រជាជននៅ គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

ទី៣៖ ឆ្លងតាមរយៈចលនាសកម្មភាពសរុបនៅមូលដ្ឋាន ត្រូវថែបំប៉នសាមគ្គីភាពទូលំទូលាយរបស់មហាជនប្រជាជន បន្តចូលរួមយ៉ាងសស្រាក់សស្រាំគាំទ្រចលនាជាតិក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធទប់ស្ដាត់គ្រប់គ្រងនិងដោះស្រាយរាល់ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ខិតខំរក្សាលំនឹងប្រក្រតីភាពនៃការបើកសេដ្ឋកិច្ចនិងសង្គមជាតិឡើងវិញ សំដៅ ពង្រឹងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាសំរាប់ការបោះឆ្នោតថ្នាក់មូលដ្ឋានឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ៕