(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលជាជើងឯកនយោបាយបរាជ័យ និងកំពុងរត់ចោលស្រុក រត់គេចពីការអនុវត្តយុត្តិធម៌ ក្នុងនាមជាទណ្ឌិតស្រាប់ រួមទាំងកូនក្រុមឧទ្ទាម និងជនវង្វេងផ្លូវសមគំនិត ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ទោសដាក់ពន្ធនាគារ តាមកម្រិតនៃទង្វើឧក្រិដ្ឋរបស់ខ្លួនចំពោះជាតិ និងប្រជាជនរៀងៗខ្លួន។ នេះជាទណ្ឌកម្មផ្លូវច្បាប់ដ៏សក្តិសម សម្រាប់អំពើប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម និងញុះញង់យោធិនមិនឱ្យស្តាប់បង្គាប់។

អំណឹះតទៅ ទណ្ឌិតមេឧទ្ទាម ដែលមិនឱ្យតម្លៃច្បាប់ បំពានច្បាប់ និងនិយមតែប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ កាន់តែរួមរឹតទៅដោយចំណងខាងផ្លូវច្បាប់ ប្រហែលជាត្រូវបន្តរស់នៅនិរទេសខ្លួន នៅឯបរទេសរហូតដល់អស់អាយុសង្ខារ លែងបានមកជាន់ទឹកដីសុវណ្ណភូមិ និងជាពិសេសលែងបានវិលមកធ្វើនយោបាយបំផ្លាញជាតិ បំផ្លាញប្រជាជនខ្មែរតទៅទៀតហើយ។

ខណៈដែលរដ្ឋធម្មនុញ្ញ បានកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលនានារបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ បូករួមនឹងបញ្ហាចាក់ស្រេះខាងផ្លូវច្បាប់ថែមទៀតនោះ ចាប់ពីពេលនេះតទៅ ទណ្ឌិតមេក្រុមឧទ្ទាម សូម្បីតែតំណែងនាយករដ្ឋមន្ត្រីឧបមា ក៏លែងហ៊ានយល់សប្តិដែរ បានត្រឹមបន្តបោកប្រាស់អ្នកគាំទ្រមោហ៍បាំង ល្ងង់ទូប៉ុន្មានសិបនាក់ យកប្រាក់មកបន្តចាយវាយចម្អែតក្រពះរបស់ខ្លួន រហូតដល់ថ្ងៃអវសានតែប៉ុណ្ណោះ។

អ្វីដែលគួរឱ្យសោកស្តាយ គឺក្រុមទុរជនបញ្ញើក្អែកបរទេសដ៏ឯកាគួរឱ្យសង្វេគទាំងនោះ នៅតែបន្តស្រែកក្តែងៗឃោសនាអកុសលដើម្បីបំពុលសង្គមពីចម្ងាយ ទោះបីជាខ្លួនដឹងថាពាក្យឃោសនាបោកប្រាស់របស់ខ្លួនសាបរលាបអស់ហើយក្តី។

ទោះជាយ៉ាងណាក៏ដោយ អំពើអកុសលរបស់ក្រុមឧទ្ទាមកញ្ជះបរទេសនេះ តែងតែបរាជ័យជានិច្ចដោយសារ ចំណាត់ការផ្នែកច្បាប់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការពារសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងការជឿជាក់ និងទុកចិត្តពីសំណាក់ប្រជាជនកម្ពុជា ចំពោះប្រមុខដឹកនាំស្របច្បាប់របស់ខ្លួន ដែលបានសង្គ្រោះ និងរំដោះជាតិពីរបបប្រល័យពូជសាសន៍ ហើយបាននិងកំពុងនាំមកនូវភាពសន្តិភាព សេចក្តីសុខ សុខដុមរមនា និងវឌ្ឍនភាពជូនជាតិ៕

ការពិតពីមាតុភូមិ, ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២