(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ បានមានជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឱកាសនោះ លោក អាណាតូលី បូរ៉ូវិច បានលើកឡើងអំពីការវិវត្តនៃសភាពការណ៍ ជុំវិញសង្រ្គាមរុស្ស៉ី និងអ៊ុយក្រែន។

អំពីបញ្ហាសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន លោកឯកអគ្គរដ្ឋទូត បានលើកថា ប្រតិបត្តិការយោធារុស្ស៉ីនៅប្រទេសអ៊ុយក្រែន គឺគ្រាន់តែចង់ធានាឱ្យបាននូវសន្តិសុខរបស់រុស្ស៉ី តែប៉ុណ្ណោះ។ លោកបន្តថា អង្គការណាតូ (NATO) បានពង្រាយសមាជិករបស់ខ្លួននៅអឺរ៉ុបខាងកើត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរុស្ស៉ី។

លោក អាណាតូលី បូរ៉ូវិច បានបន្ថែមថា ប្រទេសអ៊ុយក្រែនប្រកាន់ពូជសាសន៍ ជាតិនិយមចង្អៀតចង្អល់ បានហាមឃាត់ការប្រើប្រាស់ភាសារុស្ស៉ី ថែមទាំងបានប្រព្រិត្តអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មកលើប្រជាជន ដែលមានដើមកំណើតរុស្ស៉ី នៅរដ្ឋ Donbass ដែលរុស្ស៉ីទទួលស្គាល់ជារដ្ឋឯករាជ្យរួចហើយ។

បើតាមលោកឯកអគ្គរដ្ឋទូត បានបន្តថា ប្រតិបត្តិការយោធារុស្ស៉ីនៅប្រទេសអ៊ុយក្រែន មិនមានទិសដៅវាយប្រហារប្រជាជនស៉ីវិលទេ និងចៀសវាងទម្លាក់គ្រាប់បែក លើកន្លែងប្រជាជនស៉ីវិលរស់នៅ គឺមានទិសដៅវាយប្រហារតែមូលដ្ឋានយោធារបស់អ៊ុយក្រែន តែប៉ុណ្ណោះ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៉ីមិនមានបំណងចូលកាន់កាប់ប្រទេសអ៊ុយក្រែន គឺគ្រាន់តែចង់ឲ្យប្រទេសអ៊ុយក្រែនទៅជាប្រទេសអព្យាក្រឹត និងមិនចូលរួមជាមួយអង្គការណាតូ»

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបលោកឯកអគ្គរដ្ឋទូតថា លោកឧបនាយករដ្ឋមន្ត្រី បានយល់អំពីមូលហេតុដើមនៃសង្រ្គាមនេះ គឺមានបញ្ហាភូមិសាស្រ្តប្រវត្តិសាស្រ្ត និងនយោបាយ។ ភូមិសាស្ត្រ គឺអ៊ុយក្រែន និងអឺរ៉ុបខាងកើតនៅក្បែររុស្ស៉ី។ ប្រវត្តិសាស្ត្រ គឺអ៊ុយក្រែនក៏ដូចជាអឺរ៉ុបខាងកើត គឺជាសមាជិកអតីតសហភាពសូវៀត។ នយោបាយ គឺមានសន្តិសុខជាមូលដ្ឋានរបស់រុស្ស៉ី។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា កម្ពុជាមានការសោកស្ដាយដោយមានសង្រ្គាមរវាងសហព័ន្ធរុស្ស៉ី និងសាធារណរដ្ឋអ៊ុយក្រែន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គោលការណ៍របស់កម្ពុជា គឺប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសមួយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ ក៏ប៉ុន្តែកម្ពុជាក៏យល់អំពីសន្តិសុខរបស់សហព័ន្ធរុស្ស៉ីដែរ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ការចរចារវាងរុស្ស៉ី និងអ៊ុយក្រែនសព្វថ្ងៃនេះ ដែលបានឈានដល់ចំណុចវិជ្ជមានខ្លះៗហើយ នឹងអាចឈានដល់ការឈប់បាញ់ និងដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ»

លោកឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យប្រទេសពាក់ព័ន្ធទាំងអស់ ជួយលើកទឹកចិត្តជំរុញការចរចារវាងរុស្ស៉ី និងអ៊ុយក្រែនឲ្យបានជោគជ័យ ដើម្បីផលប្រយោជន៍សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប ផលប្រយោជន៍ប្រជាជនអ៊ុយក្រែន និងសន្តិសុខរបស់រុស្ស៉ី និងអឺរ៉ុបផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បញ្ជាក់ថា ទោះចង់ ឬពុំចង់សង្គ្រាមនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចសកល មិនមែនតែអ៊ុយក្រែន រុស្ស៉ី អឺរ៉ុប និង អាមេរិក នោះទេ។

ជាសេចក្តីសនិ្នដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានឯកភាពថា ដំណោះស្រាយចុងក្រោយ គឺអ៊ុយក្រែនគួរជាប្រទេសអព្យាក្រឹត តាមរបៀបប្រទេសស៊ុយអែត អូទ្រីស និងហ្វាំងឡង់ដ៍៕