(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្តល់បទសម្ភាសន៍ជាមួយអ្នកពិគ្រោះយោបល់អន្តរជាតិ ស្តីពីការចូលរួមវិស័យសកម្មភាពមីនកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការត្បូងត្បូង (South South Cooperation)។

ក្នុងបទសម្ភាសន៍នោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩២ វិស័យមីនកម្ពុជា បានចាប់ផ្តើមកំណើតឡើងដែលមានរាជរដ្ឋាភិបាលកម្ពុជា ជាម្តាយ និងសហគមន៍ជាតិ-អន្តរជាតិ ជាឪពុក ហើយឥឡូវនេះរយៈពេល ៣០ឆ្នាំ កម្ពុជាបានទទួលនូវមេរៀនគ្រប់បែបយ៉ាង និងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងមានមហិច្ឆតាចូលរួមចែករំលែកជួយទៅដល់ប្រជាជន និងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ដែលត្រូវការចាំបាច់នូវការងារបោសសម្អាតមីន។
លោកបន្តទៀតថា ដើម្បីចូលរួមដល់កិច្ចសហប្រតិបត្តិការត្បូង កម្ពុជាបានរៀបចំឲ្យមានយន្តការរឹងមាំ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពច្បាស់លាស់ សម្រាប់វិស័យសកម្មភាពមីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ ដែលសមិទ្ធផលទាំងនេះ បានកើតឡើងចេញពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត។

លោកបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព សម្តេចតេជោ តែងតែចែករំលែកនូវបេះដូង និងសេចក្ដីស្រលាញ់សន្តិភាព ទៅបណ្ដាប្រទេសនានា ដែលទទួលរងគ្រោះដោយសារសង្រ្គាម ដូចកម្ពុជា តាមរយៈការបញ្ជូនកងកម្លំាងរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕