(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត យាងចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានមកដល់កម្ពុជា នៅម៉ោងប្រមាណ១៖៣០នាទីរសៀល នៅថ្ងៃទី១៨ ខែមីនានេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ច តបតាមការយាងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

បន្ទាប់ពីមកដល់ភ្លាមៗ ព្រះអង្គម្ចាស់ បានជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានចាត់ទុកថា ព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់កម្ពុជា នឹងពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃ ដែលមានស្រាប់រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ៕