(ស្វាយរៀង)៖ យ៉ាងហោចណាស់ មានមនុស្សប្រុសស្រីចំនួន១៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តចំនួន៣គ្រឿង និងម៉ូតូមួយគ្រឿងបុកបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ១៣ និង១៤ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនកើតហេតុមានអ្នកបើកបរម៉ូតូឈ្មោះ អ៊ិន សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1N.1997 បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់កន្លែងកើតហេតុក៏បានបុកយ៉ាងពេញទំហឹងជាមួយនឹងរថយន្តដែលធ្វើដំណើរពីទិសខាងជើងទៅត្បូង មិនប្រកាន់ស្ដាំម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG.៥៤៧៩ បើកបរដោយឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែក រស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបន្តថា ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍រួចស្រាប់តែមានរថយន្តចំនួន២គ្រឿងទៀត ធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកគ្នាពីក្រោយទៀត មានរថយន្តម៉ាក ASIA GRAN BIRD ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង ៣A.១៨៨៧ មានរ៉ឺម៉កសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ ៤A.៥២៧៥ បើកបរដោយឈ្មោះ អុិត សូដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មកដល់ចំណុចកើតហេតុបានបន្ថយល្បឿន រំពេចនោះក៏មានរថយន្តដឹកកម្មករមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ខោនធី ពណ៌ស លាយស្វាយ ពាក់ស្លាកលេខភ្នំពេញ ៣B-១៦៨០ បើកបរដោយឈ្មោះ ចែម សារី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បុកពីក្រោយបណ្ដាលឱ្យកម្មករកម្មការិនី នៅក្នុងរថយន្ត និងរបួសចំនួន ១៣នាក់ក្នុងនោះ ធ្ងន់ចំនួន៤នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះបណ្តាលមកពីរថយន្ត Tacoma ពាក់ស្លាកលេខភ្នំពេញ 2AG.5479 បើកបរមិនប្រកាន់ស្ដាំ ខណៈអ្នកបើកបង្កហេតុបានរត់គេចខ្លួនផងដែរ។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយពេលក្រោយ។ ចំណែកអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកបើករថយន្តម៉ាក ASIA GRAN BIRD ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយតាមច្បាប់៕