(កំពង់ស្ពឺ)៖ មនុស្សប្រុសស្រី៣៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងប្រតិបត្តិការធ្វើឡើងដោយកម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ជាមួយកិច្ចសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយក្នុងប្រតិបត្តិការនោះ បានឃាត់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធចំនួន៣៣នាក់ ក្នុងនោះមានស្រី១នាក់ ។

ក្នុងកិច្ចសហការប្រតិបត្តិការនោះដែរ កម្លាំងជំនាញទាំងពីរខេត្ត បានដកហូតវត្ថុតាងសង្ស័យមួយចំនួនក្នុងនោះមាន ម្សៅសក្រាមចំនួន៦៨កញ្ចប់ និងថ្នាំគ្រាប់ពណ៌ក្រហមចំនួន១០គ្រាប់ (មិនទាន់ថ្លឹង), ដបជក់ថ្នាំចំនួន០៤ ខ្សៀជក់ចំនួន០៥ ថង់ច្រកថ្នាំមួយចំនួន, អាវុធខ្លី០១ដើមម៉ាកK៥៩ លេខ៣៧២៧ និងមានគ្រាប់ចំនួន០៦គ្រាប់, បង់មួយ, ម៉ូតូចំនួន១០គ្រឿង, ទូរស័ព្ទ១៣គ្រឿង ព្រមទាំងសំភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនទៅកាន់បញ្ជាការដ្ឋានខេត្តព្រះសីហនុ ដើម្បីសាកសួរនាំពីកម្លាំងជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕