(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់អ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និស្សិតនារីដើម្បីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ បានរៀបចំឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់ លោកស្រីជាពិសេសអ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។

ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង បណ្ដុះបណ្ដាលបង្កើនធនធានមនុស្ស ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ដើម្បីអនាគតប្រទេសជាតិ ហើយប្អូនៗជានិស្សិតដែលជាអ្នកបន្តវេន ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវអ្វីដែលបានទទួលពីសាលា ដើម្បីធ្វើជាគ្រឹះរឹងមាំសម្រាប់អនាគតខ្លួនផ្ទាល់ និងដើម្បីអភិវឌ្ឍន៍ សង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើន។

លោកស្រីអភិបាលខេត្ត ក៏បានក្រោនរំលឹកបន្ថែមទៀតដល់អ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និស្សិតនារី ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតលើការងារ និងតួនាទី ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ជាពិសេសក្នុងបរិបទកូវិដ១៩ ត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយរហូតដល់មូលដ្ឋាននានា ដើម្បីចូលរួមទប់ស្កាត់ការពារកូវិដ១៩បម្លែងថ្មីអូមីក្រុង ពីព្រោះកូវីដ១៩ នៅជាបញ្ហាប្រឈមហានិភ័យខ្ពស់ជានិច្ចនៅលើពិភពលោក (ការពារប្រសើរជាងព្យាបាល)៕