(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានឲ្យដឹងថា នៅវេលាម៉ោង ២៣៖៣០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងកងរាជអាវុធហត្ថស្រុក បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុក ពេលនោះស្រាប់តែប្រទះឃើញមានរថយន្ត១គ្រឿងម៉ាក NISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុសស្រីជាច្រើននាក់។ ដោយមានការសង្ស័យ កម្លាំងក៏ធ្វើការឃាត់់រថយន្តនោះយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីធ្វើការសួរនាំ ស្រាប់តែរកឃើញមានករណីនាំមនុស្សឆ្លងដែនខុសច្បាប់។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឲ្យដឹងថា មនុស្យជិះលើរថយន្តនោះមានគ្នាចំនួន១៤នាក់ ក្នុងស្រ្តីចំនួន៥នាក់់ និងអ្នកបើកបររថយន្តម្នាក់ជាមេខ្យល់ផងដែរ។

ក្រោយពីកម្លាំងជំនាញសាកសួរពលករទាំង១៣នាក់នោះ ពួកគេបានសារភាពថា ពួកគេមកពីបណ្ដាខេត្តផ្សេងៗគ្នា ហើយបានទំនាក់ទំនងមេខ្យល់ជាអ្នកបើករថយន្ត ដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន។

ចំណែកមេខ្យល់ឈ្មោះ លឿម បូរី អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទទួលដឹកពលករដែលមានបំណងលួចឆ្លងដែន ដោយខុសច្បាប់ពិតប្រាកដមែន។

ដោយផ្អែកលើការរៀបរាប់របស់ពលករទាំង១៣នាក់ និងចម្លើយសារភាពរបស់់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃក សាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់់ការបន្ត។ ចំណែកពលករត្រូវបានបញ្ជូនទៅធ្វើតេស្តរហ័សនៅមណ្ឌលសុខភាព ស្រុកម៉ាឡៃ ដើម្បីរកមេរោគកូវីដ១៩ បើសិនអវិជ្ជមានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមានត្រូវនៅសម្រាកព្យាបាលសិន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕