(ភ្នំពេញ)៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ខណៈកំពុងធ្វើដំណើរចេញពីផ្ទះបងប្អូនតាមម៉ូតូកង់បីឥណ្ឌា ក៏ត្រូវជនសង្ស័យម្នាក់ជិះម៉ូតូ Honda Dream ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃសម្រេចភ្លាមៗ រួចជិះគេចខ្លួនតែសំណាងមិនល្អសង្ស័យរូបនោះ ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ។

លោក ឈឹម សាវុទ្ធ អធិការរងនគរបាលទទួលបន្ទុកជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ងន សុបញ្ញា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំ1D-7063។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុង ចិន្តា អាយុ២៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ឈឹម សាវុទ្ធ បានឲ្យដឹងថា ដំណើររឿងមុនពេលកើតហេតុនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ម៉ោង៣៖១០នាទី ជនរងគ្រោះបានជិះម៉ូតូកង់បីចេញពីផ្ទះបងប្អូននៅ «បុរីកំបូលស៊ីធី» ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រឡប់ទៅផ្ទះជួលវិញនៅឯសង្កាត់ចោមចៅទី៣ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត។

ខណៈមកដល់ចំណុចកើតហេតុ ខាងកើតផ្លូវរថភ្លើងប្រហែល១០០ម៉ែត្រ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូមកក្បែររួចធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចពីជនរងគ្រោះ រួចព្យាយាមជិះរត់គេចខ្លួនក្នុងទិសដៅពីលិចទៅកើត បានចម្ងាយប្រហែលជាង១០០ម៉ែត្រ ជនសង្ស័យបានដួលម៉ូតូស្របពេលនោះដែរ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក កំពុងធ្វើការល្បាតនៅក្បែរនោះដែរ។ ដោយឮសំឡេងជនរងគ្រោះស្រែកថា ចោរៗភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យតែម្ដង។

លោក ឈឹម សាវុទ្ធ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌកំបូល បានបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ផងដែរ៕