(ព្រៃវែង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានខេត្តព្រៃវែង និងសកម្មភាពការងារមួយចំនួន ដែលមន្ទីរ បាននិងរៀបចំកសាង នៅអគារថ្មី១ខ្នង មានទទឹង១២ម៉ែត្រ បណ្តោយ២០ម៉ែត្រ កម្ពស់២ជាន់ សម្រាប់ផ្តល់ជូនមន្ត្រីមន្ទីរព័ត៌មានងាយស្រួលក្នុងការធ្វើការងារ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងនេះ មានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីងាយស្រួលដល់មន្ត្រីធ្វើការងារតាមផ្នែកផ្សេងៗទៀតឲ្យមានកន្លែងត្រឹមត្រូវនោះផងដែរ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងថា ទាំងនេះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់មន្ទីរព័ត៌មានខេត្តព្រៃវែង ក្នុងការធ្វើការងារទាក់ទងទៅនឹងវិស័យព័ត៌មាន ក៏ដូចជាវិស័យផ្សេងៗរបស់មន្ទីរព័ត៌មាន នៅក្នុងខេត្តឲ្យមានការរីកចម្រើន ព្រោះថាសព្វថ្ងៃនេះ វិស័យព័ត៌មានបានដើរតួរយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ ក្នុងការផ្សព្វផ្សាយពីសកម្មភាពមួយចំនួន របស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អំពីសកម្មភាពមួយចំនួននៅក្នុងខេត្តព្រៃវែងដែល បាននិងកំពុងរីកចម្រើន ជូនដល់មហាជនឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពទាំងអស់នោះតាមផ្សាយព័ត៌មានមួយនេះ។

ដោយស្របតាមពាក្យស្លោករបស់ក្រសួង ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន មន្ទីរព័ត៌មានខេត្តព្រៃវែង ក៏បានធ្វើការផ្សាយនូវព្រឹត្តការសំខាន់ៗ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តតាមរយៈផេកមន្ទីរ ផេកវិទ្យុ ដើម្បីជូនដល់ ប្រជាពលរដ្ឋស្តាប់ និងទស្សនាផងដែរ។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្រ្តី។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់មន្រ្ដី និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការងារតាមផ្នែកវិស័យរបស់ខ្លួននីមួយៗនៅក្នុងមន្ទីរ ឲ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណា ដើម្បីឲ្យវិស័យទាំងអស់នេះមានការរីកចម្រើនទៅមុខជាលំដាប់។

សូមបញ្ជាក់ថា ដំបូងឡើយមន្ទីរព័ត៌មានខេត្តព្រៃវែង ពុំមានទីតាំងសម្រាប់សាងសង់អាគារខ្លួនឯងនោះទេ ដោយរស់នៅពឹងផ្អែកធ្វើការជាមួយទីតាំង នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។ សព្វថ្ងៃនេះមន្ទីរព័ត៌មានខេត្តព្រៃវែងមាន វិទ្យុជាតិបារាយណ៍អណ្តែត FM 97.30 MH2 ដែលធ្វើការផ្សាយក្នុង១ថ្ងៃ ១៧ម៉ោង គឺចាប់ពីម៉ោង ៥ព្រឹកដល់ម៉ោង ១០យប់។ ចំពោះកម្មវិធី ផ្សាយគឺមានកម្មវិធិអប់រំ វប្បធម៌ ព័ត៌មាន និងនាទីកំសាន្តផងដែរ៕