(ភ្នំពេញ)៖ ប្រឡាយទឹកស្អុយលូ៥ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួនជាសួន (សួនសហគមន៍កុមារមេត្រី ឬហៅថា សួនលូ៥) ដ៏ស្រស់ស្អាត និងជាកន្លែងហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។

សួនច្បារនេះ បានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិនប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា សួនសហគមន៍កុមារមេត្រី ឬហៅថា សួនលូ៥ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប២៧៧៥ម៉ែត្រក្រឡា បណ្តោយប្រវែង ២២៩ម៉ែត្រ ទទឹង១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ម៉ែត្រ។

ជាទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិត មានរោងចក្រជាច្រើននៅជុំវិញ។ កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយ ទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ ហើយសួននេះជាទីតាំងសំខាន់មួយ ក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្ត។

សួននេះសាងសង់ឡើង ដោយប្រើប្រាស់រយៈពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧,៤៩៧ដុល្លារ រៀបចំសាងសង់ឡើង ដោយរដ្ឋបាលរាជ ធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកា ចំនួន ៦,០០០ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន ៧៥,៤៩៧ដុល្លារ។

លោក នួន ផារ័ត្ន បានលើកឡើងថា សួនសហគមន៍កុមារមេត្រីនេះ មិនត្រឹមតែលើកសោភណ្ឌភាព រាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយផ្ដល់ឲ្យប្រជាពលរដ្ឋនៅតំបន់នេះ បានហាត់ប្រាណដើម្បីសុខភាព។ ទោះបីជាយ៉ាងណាក្តី លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់រោងការនៅលើសួនច្បារនេះឲ្យសោះ វានឹងនាំធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

លោក នួន ផារ័ត្ន បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិន ដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះ ចិនបានផ្ដល់ថវិកាដើម្បីសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការជួយលើវិស័យច្រើនទៀត មកដល់កម្ពុជា។

នៅក្នុងឱកាសនោះលោក នួន ផារ័ត្ន បានផ្តាំផ្ញើរបស់លោក ឃួង ស្រេង ដោយជំរុញឱ្យមន្ត្រីថ្នាក់សង្កាត់ ខណ្ឌ ត្រូវជំរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងចាត់វិធានការ ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរថែមទៀត។

លោក ឆាង ជាន បានលើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រី វាមិនត្រឹមតែបានអោយក្មេងៗ បានលេងប៉ុណ្ណោះទេ វាក៏បានលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់អោយបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។

លោក ឆាង ជាន បានសម្តែងនូវការអរគុណ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនូវគម្រោងនៃការសាងសង់សួនសហគមន៍កុមារមេត្រី នេះឡើង។ សួននេះ វាពិតជាបានបង្កើតនូវទំនាក់ទំនង មិត្តភាពកម្ពុជា-ចិនកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕