(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពមក ការកសាង អភិវឌ្ឍន៍នៅតាមមូលដ្ឋានកំពុងរីកចម្រេីនពេញផ្ទៃប្រទេស ដូច្នោះ យេីងត្រូវរួមសាមគ្គីភាពគ្នាថែរក្សានូវសមិទ្ធផលថ្មីៗដែលមានក្រោមដំបូលនៃសុខសន្តិភាព ព្រមទាំងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត។

ការលើកឡើងបែបនេះ របស់លោក វង សូត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធនានា ក្នុងទីអារាមវត្តរេីល ក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

លោកបានបន្ថែមថា នៅកម្ពុជាដោយសារតែមានក្តាសុខសន្តិភាព ជាចម្បងទើបនាំមកនូវការអភិវឌ្ឍន៍ រីកចម្រេីនជាបន្តបន្ទាប់ បេីទោះជួបបញ្ហាវិបត្តិកូវីដ១៩ ក៏ដោយ។

លោក វង សូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺតែងតែគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតថ្លៃ និងបានផ្សព្វផ្សាយណែនាំអប់រំដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តន៍នូវវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ឱ្យខ្ជាប់ខ្ជួនជានិច្ច។

បន្ថែមពីនេះ លោកបានសម្តែងការកោតសសេីរចំពោះសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកេីតចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រេីនជាបន្តបន្ទាប់ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ។

លោក វង សូត បានស្នេីដល់ប្រជាពលរដ្ឋត្រូវចេះយោគយល់គ្នាចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពពេលអំឡុងវិបត្តិកូវីដ១៩ ហេីយប្រសិនបេីប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ហេីយ ប៉ុន្តែមិនអាចបេីកប្រាក់ឧបត្ថម្ភនេះ អាចទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញដែលពាក់ព័ន្ធ ដេីម្បីសម្របសម្រួលភាពងាយស្រួលដល់គ្រួសារដែលត្រូវទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា៕