(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ចូលរួមចែករំលែកបទពិសោធពីកិច្ចការងារនៃដំណើរការតុលាការ និងការងារអប់រំផ្សព្វផ្សាយជូនដល់សាធារណជនក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលរៀបចំដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICE) តាមប្រព័ន្ធហ្សូម ក្រោមការសម្របសម្រួលរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដោយមានការចូលរួមពីមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងសារៈមន្ទីរចងចាំសន្តិភាពជាតិណាហ្គាសាគីសម្រាប់ជនរងគ្រោះគ្រប់បែកបរិមាណូរបស់ប្រទេសជប៉ុន។

នេះក៏ជាកិច្ចប្រជុំមួយដែលនឹងផ្តល់ឱ្យសាលាក្តីខ្មែរក្រហម នូវគំនិតថ្មីៗ និងការបើកចំហរកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តការងារដែលនៅសេសសល់របស់តុលាការក្រោយបញ្ចប់ដំណើរការនីតិវិធីច្បាប់ផងដែរ។

វាគ្មិនមកពីស្ថាប័នពាក់ព័ន្ធក្នុងនោះមានសាលាក្តីខ្មែរក្រហម សារៈមន្ទីរចងចាំសន្តិភាពជាតិណាហ្គាសាគីសម្រាប់ជនរងគ្រោះគ្រប់បែកបរិមា ណូរបស់ប្រទេសជប៉ុន បានធ្វើបទបង្ហាញពីបទពិសោធការងារ និងការគិតគូរពីគម្រោងសម្រាប់អនាគតដើម្បីបម្រើផលប្រយោជន៍ឱ្យជនរងគ្រោះក្នុងនោះរួមទាំងបទពិសោធនៃការកសាងសារមន្ទីរនៃការចងចាំ ការរៀបចំថែរក្សាឯកសារភស្តុតាង ការចុះផ្សព្វផ្សាយអប់រំដល់សាធារណជនជាពិសេសដល់យុវជនជំនាន់ក្រោយអំពីដំណើរការនីតិវិធីតុលាការ ក៏ដូចជាពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិ សាស្ត្រដើម្បីឱ្យពួកគេចងចាំ និងចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យឧក្រិដ្ឋកម្មសាហាវឃោរឃៅកើតឡើងសាជាថ្មីក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ វាគ្មិន មកពីស្ថាប័នផ្សេងៗបានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការចងចាំលើរឿងរ៉ាវ នៃប្រវត្តិសាស្ត្រ និងរឿងរ៉ាវនៃជនរងគ្រោះ ព្រមទាំងការថែរក្សានូវកេរតំណែល។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានថ្លែងថាក្រៅពីមានតួនាទីក្នុងការស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះ សាលាក្តីខ្មែរក្រហមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹង និងការចងចាំអំពីប្រវត្តិសាស្ត្រ។

លោកបានថ្លែងថា ការរៀបចំរបស់សារៈមន្ទីរចងចាំសន្តិភាពជាតិណាហ្គាសាគី សម្រាប់ជនរងគ្រោះគ្រប់បែកបរិមាណូរបស់ប្រទេសជប៉ុននឹងក្លាយជាគំរូសិក្សាបទពិសោធមួយរបស់កម្ពុជា ក្នុងការគិតគូរគម្រោងនៃការចងចាំនាពេលអនាគត។

បន្ថែមពីនេះលោក ក្រាញ់ តូនី បា គូសបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេល ១៦ឆ្នាំមកនេះ ទាំងក្នុងផ្នែកយុត្តាធិការ និងក្រៅផ្នែកយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរដំណែល ដែលត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យមនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចងចាំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹងស្ថាប័ន តុលាការ និងប្រព័ន្ធយុត្តិធម៌៕