(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានថ្លែងថា «យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់» របស់ក្រុមហ៊ុន និងអង្គការអាល្លឺម៉ង់ ជាបេសកកម្ម ដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការចូលរួមចំណែកធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការប្រឡងប្រណាំងទីក្រុងស្អាតនៅកម្ពុជា។

លោក ថោង ខុន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការសម្អាតទន្លេ នៅសួនច្បារមាត់ទន្លេមុខ វត្តឧណ្ណាលោម ដោយមានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ, លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការ River Ocean Cleanup, លោក Clemens Nepomuk Feigl នាយកប្រតិបត្តិ និងសហស្ថាបនិក everwave GmbH, លោក Tilman Petter Flöhr នាយកផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិក everwave GmbH រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ ធ្វើការសំអាតដោយក្រុមហ៊ុន everwave GmbH និងអង្គការ River Ocean Cleanup របស់អាល្លឺម៉ង់ នឹងប្រើប្រាស់ទូកប្រមូលសំរាម បំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។

លោក ថោង ខុន ក៏បានបញ្ជាក់ ចំពោះយន្តការប្រឡងប្រណាំងទីក្រុងស្អាត ត្រូវបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០១១ ហើយយន្តការវាយតម្លៃផ្តោតលើ «ស្តង់ដាទីក្រុស្អាត» ដែលមាន៧សូចនាករ គោលសំខាន់ៗ ដូចជា ការរៀបចំនិងគ្រប់គ្រងបរិស្ថាន, ភាពស្អាត, ការគ្រប់គ្រងសំណល់, ការបញ្ជ្រាបការយល់ដឹង, តំបន់បៃតង និងខ្សែក្រវ៉ាត់ បៃតង, សុវត្ថិភាពសុខភាពសាធារណៈ សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ ជាងនេះទៀត លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គ្រប់ទីក្រុងរបស់កម្ពុជា សុទ្ធតែមានទីតាំជាប់មាត់ទន្លេ ស្ទឹង ឬសមុទ្រ ទាំងអស់។

ជាងនេះទៅទៀតដោយមើលឃើញពីប្រសិទ្ធភាព និងការអនុវត្តល្អរបស់កម្ពុជា ប្រទេសសមាជិកអាស៊ានបានទទួលស្គាល់ និងយកទៅកែសម្រួលហើយអនុម័តជា «ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន» សម្រាប់អនុវត្តនៅក្នុងតំបន់អាស៊ាននៅឆ្នាំ២០១៥។ ជាមោទនភាពនាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ ទីក្រុង ចំនួនបីមាន ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា យន្តការប្រឡងប្រណាំងទីក្រុងស្អាត មកដល់បច្ចុប្បន្នទទួលបានការគាំទ្រ និងមានភាពរីកចម្រើនគួរជាទីមោទនៈ ហើយឥលូវនេះ បានសហការជាមួយ everwave និង River Ocean Cleanup ធ្វើការសម្អាតសំរាមក្នុងទឹកតាមដងទន្លេបន្ថែមទៀត មិនត្រឹមតែជាការសម្រេចបានក្តីសុបិន្តមួយក្នុងការ ការពារបរិស្ថានក្នុងទឹក និងលើផ្ទៃទឹក ដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ តែក៏ជាសារមួយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាង សកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជា៖ ក្រសួងបរិស្ថាន អាជ្ញាធរ និងរដ្ឋបាល រាជធានី-ខេត្តទាំងអស់ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំរាមទាំងនៅលើគោក និងផ្ទៃទឹកផងដែរ។

លោករដ្ឋមន្ត្រី បានអះអាងថា វត្តមានរបស់ everwave និង River Ocean Cleanup ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុទ្ធនាការសម្អាតទន្លេនៅកម្ពុជា និងបាន ស្នើឲ្យបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទេ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរប្រមូលផ្តុំ ជាពិសេស ខេត្តជាប់ទន្លេ និងជាប់សមុទ្រទាំង៤ ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅតាមដងទន្លេ សមុទ្រ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត។

លោក Clemens Nepomuk Feigl នាយកប្រតិបត្តិ និងសហស្ថាបនិក everwave GmbH, លោក Tilman Petter Flöhr នាយកផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិក everwave GmbH និងលោកនូ សុវណ្ណ ក៏បានបញ្ជាក់ថា លោក នឹងខិតខំបញ្ជូនទូក ប្រមូលសំរាមបន្ថែមទៀតមកកម្ពុជា ហើយលោកពេញចិត្តនឹងបំពេញ បេសកម្មនៅកម្ពុជា រយៈពេលយូរផងដែរ។

លោក ថោង ខុន បានបញ្ជាក់ថា «យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់ បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់» ក៏ជាឆ្លើយតបទៅនឹងយុទ្ធនាការ ឆ្ពោះទៅអបអរសាទរស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលភ្ញៀវរាប់ម៉ឺននាក់ ក្នុងនោះក៏មានយុទ្ធនា ការមួយ គឺយុទ្ធនាការ កម្ពុជាជស្អាត ភ្នំពេញស្អាត ទូទាំងប្រទេសស្អាត ប្រជាជនម្នាក់លេងកីឡាមួយមុខ កាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ កាត់បន្ថយគ្រឿងញៀន សំដៅធ្វើយ៉ាងណាឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងដែលមានសុវត្ថិភាពបំផុតផងដែរ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលកន្លងមកបានខិតខំជួយសំអាតទីក្រុង បានយ៉ាងល្អ និងបានទទួលនូវស្នាដៃ និងពានរង្វាន់ជាច្រើន ដែលកន្លងមកខណ្ឌ ដូនពេញរបស់ទីក្រុងភ្នំពេញ ក៏ធ្លាប់បានទទួលបានពានរង្វាន់ទីក្រុងស្អាតពីវេទិកាទេសចរណ៍អាស៊ាន និងពានរង្វាន់ ផ្សេងៗទៀតផងដែរ៕