(ភ្នំពេញ)៖ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូន គណៈប្រតិភូមសហគមន៍អឺរ៉ុបថា បច្ចុប្បន្នកម្ពុជា នៅសល់អត្តសញ្ញាណបណ្ណ​ចំនួន៣លានសន្លឹកទៀត កំពុងដំណើរការធ្វើជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់សម្រាប់ចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខនេះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ខណៈដែលសម្តេច ជួបសំណេះសំណាល ជាមួយ លោក យូហ្គោ អាស្ទូតូ (UgoAstuto) ប្រធានសេវាកម្មផ្នែកខាង​ក្រៅសហគមន៍អឺរ៉ុប​ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់ ពីដំណើរការរៀបចំការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា។សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនគណៈប្រតិភូយ៉ាងដូច្នេះថា «កម្ពុជាបាននឹងកំពុងខិតខំធ្វើយ៉ាងណាផ្តល់អត្តសញ្ញាណបណ្ណ ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗរូប ដើម្បី ឈាន ឆ្ពោះទៅប្រើប្រាស់សម្រាប់ចុះ​ឈ្មោះបាន​ឆ្នោត​នៅពេលខាងមុខនេះ។ ជាក់ស្តែងស្របតាមផែនការគឺមានគម្រោងបោះចំនួន១០លានអត្តសញ្ញាណបណ្ណ ប៉ុន្តែរហូតមកដល់ ពេលនេះគឺ នៅសល់៣លានអត្តសញ្ញាណបណ្ណទៀត ដែលនៅ​សេសសល់​ហើយកំពុងបន្តធ្វើ»។ សម្តេចក្រឡា ហោម ស ខេង បានបន្តលើកពីបញ្ហាប្រឈមជូនដល់គណប្រតិភូថា «​ទោះបីជាយ៉ាងណា ក៏យើងនៅមានបញ្ហាប្រឈមផងដែរចំពោះ ពលករ​ដែល​​ធ្វើចំណាកស្រុកដែល មានចំនួនច្រើនមិនដឹងថា តើពួកគាត់វិលមកកម្ពុជាក្នុងការចុះឈ្មោះធ្វើអត្តសញ្ញាណបណ្ណបណ្ណដែរឬអត់ ជាពិសេសពលករនៅប្រទេសថៃ និងប្រទេសកូរ៉េ​»

ជាការឆ្លើយតប លោក យូហ្គោ អាស្ទូតូ(Ugo Astuto) ប្រធានសេវាកម្មផ្នែកខាងក្រៅសហគមន៍អឺរ៉ុបប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងអំណរគុណចំពោះ សម្តេច ក្រឡា ហោម ចំពោះ ការរៀប​រាប់​អំពីដំណើរនៃការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋដើម្បីចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែលោក យូហ្គោ អាស្ទូតូបានបញ្ជាក់ថា «​ក្នុងការសម្រេចបាននៃការចុះ ឈ្មោះបោះឆ្នោត និងការបោះ​ឆ្នោតនេះ​មិនត្រឹមតែទាមទារនូវការងារ​បច្ចេកទេសដូចជាការ​ចុះឈ្មោះបោះឆ្នោត ការផ្តល់អត្តសញ្ញាណបណ្ណ​តែប៉ុណ្ណោះទេ ក៏ទាមទារឲ្យមាននូវស្ថាន​ភាពនយោបាយល្អប្រសើរដែរ ដើម្បីធានាដល់សតិអារម្មណ៍​របស់អ្នកចូលរួម​បោះឆ្នោត ធ្វើយ៉ាងណាឲ្យមានសភាព​ការណ៍ល្អប្រសើរ»។ ជាចុងក្រោយ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាពចំពោះកិច្ចការនេះ សម្តេចបានជម្រាបថា រាជរដ្ឋាភិបាល គឺបានត្រៀមជា ស្រេចក្នុង ការធ្វើយ៉ាងណា សម្រួលស្ថានភាពការនយោបាយឲ្យល្អប្រសើរមុនឈានដល់ការបោះឆ្នោត៕