(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យរៀបចំបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីជាថ្មីឡើងវិញ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ នាពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវជំនួយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានលើកឡើងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត។

សម្តេចគូសបញ្ជាក់ថា៖ «ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការជំរុញការរៀបចំបើកស្ថានទូតនៃប្រទេស ទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រី ឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត»

លោក អិសវ៉ាន់ បាកូស (István BAKOS) ភារធារីស្តីទីស្ថានទូតហុងគ្រីប្រចាំកម្ពុជា បានថ្លែងថា ក្នុងនាមប្រទេសជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រីមានសេចក្តីសោមនស្ស រីករាយក្នុងការគាំទ្រ កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកបានបន្ថែមថា ការប្រគល់អំណោយវាក់សាំង Astra Zeneca ជាងកន្លះលានដួស ថ្ងៃនេះ ជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហុងគ្រីសូមប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ដើម្បីជាផលប្រយោជន៍រួមគ្នារបស់ប្រទេសយើងទាំងពីរ។ យើងជឿជាក់ថា «ជំនួយក្នុងពេលមាន តម្រូវការ គឺជាជំនួយពិតប្រាកដ»

កម្ពុជា-ហុងគ្រី បានបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រយៈពេល៦៦ឆ្នាំហើយ។ ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ជាមួយគ្នានេះ អំឡុងពេលដែលកម្ពុជា ត្រូវបានគំរាមកំហែងដោយប្រទេសមួយចំនួន នៅក្នុងសហភាពអឺរ៉ុប ហុងគ្រីបានបោះដៃបង្កើនទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយកម្ពុជា ដោយរៀបចំឱ្យមានទំនាក់ទំនងថ្នាក់ដឹកនាំកំពូលទៅវិញទៅមកផងដែរ៕