(ភ្នំពេញ)៖ លោក អ៊ុយហ្គោ អាស្ទូតូ អនុប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក របស់សហភាពអឺរ៉ុប បានស្នើឲ្យ រាជរដ្ឋាភិបាលកម្ពុជារក្សាបរិយាកាស រវាងគណបក្សនយោបាយ និងសង្គមស៊ីវិល ឲ្យដំណើរការដោយសេរី និងគ្មានការភ័យខ្លាច។ សហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីឯករាជ្យភាពរបស់តុលាការ និងភាពត្រឹមត្រូវ នៃការអនុវត្តច្បាប់ពិសេសអំពីការឃាត់ខ្លួន តំណាងសង្គមស៊ីវិល នាពេលថ្មីៗនេះ ហើយសហភាពអឺរ៉ុបអំពាវនាវ ឲ្យមានការដោះលែង មន្រ្តីសង្គមស៊ីវិល ដែលកំពុងជាប់ឃុំនៅ ពន្ធធនាគារផងដែរ។

ចំពោះចំណុចនេះ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានគូសបញ្ជាក់ថា សកម្មភាពរបស់តុលាការដែលបានអនុវត្ត រហូតមកដល់ពេលនេះ ពុំមែនជាការព្យាបាទ ឬជាការប្រើប្រាសតុលាការដើម្បីរំខានដល់តួនាទី របស់គណបក្សប្រឆាំងនោះទេ ប៉ុន្តែគឺជាសកម្មភាព នៃការអនុវត្តន៍នីតិរដ្ឋ។  

ការលើកឡើងខាងលើនេះ បានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមរវាង រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបក្រោយបញ្ចប់កិច្ច ប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ នៅភ្នំពេញ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។

បច្ចុប្បន្ននេះ មន្រ្តីអាដហុកទាំង៤រូប រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធាន ផ្នែកស៊ើបអង្កេត សមាគម អាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេត ជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារព្រៃស ពាក់ព័ន្ធ នឹងបទល្មើសស៊កប៉ាន់សាក្សី ក្រោយពីមានការសាកសួរពីតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយរួចមក ។

ការនាំខ្លួនទៅសាកសួរ និងការឃុំខ្លួននេះ បានធ្វើឡើងក្រោយពី កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់ សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ដោយក្នុងនោះ នាងអះអាងថា ពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃ ជាអ្នកបង្គាប់កុំឱ្យនាងនិយាយការពិតប្រាប់សមត្ថកិច្ច៕