(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ខេត្ត ដែលសម្រេចបាននៅក្នុងឆ្នាំ២០២១ ក្រោមកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ឋានានុក្រមនៅក្នុងខេត្ត។ សម្រាប់លោកទេសរដ្ឋមន្ត្រី គន់ គីម សមិទ្ធផលដែលសម្រេចបាននោះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំចាស់ហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត បន្តខិតខំសម្រេចឱ្យបាននូវផែនការការងារទាំងឡាយ ដែលបានដាក់ចេញសម្រាប់ការអនុវត្តនៅក្នុងឆ្នាំ២០២២។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ការងារបម្រើជាប្រយោជន៍សម្រាប់ជាតិ ការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការងារផ្តល់សេវា និងការងារដោះស្រាយរបស់ការលំបាកជូនប្រជាពលរដ្ឋ គឺត្រូវតែជាអាទិភាពខ្ពស់ចំពោះរបស់ប្រតិបត្តិករទាំងឡាយរបស់ជាតិ ដោយមិនអាចរអ៊ូរទាំថានឿយហត់ ឬនឿយណាយនោះឡើយ។

បន្ថែមពីលើនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានចង្អុលបង្ហាញឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៩ចំណុច សម្រាប់ឆ្នាំ២០២២។ ការងារទាំង៩ចំណុចនោះរួមមាន៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិទាទដីធ្លី, ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម,
ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩ និង ការពង្រឹងរបៀបរបបការងារ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានក្តីសង្ឃឹម និងជឿជាក់ថា ឈរលើស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្ត នឹងសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀតនាឆ្នាំ២០២២នេះ៕