(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៉ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង, លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២តទៅ។ ចំពោះករណីនេះ ត្រូវបានលោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ប្រកាសគាំទ្រ និងបានចាត់ទុកថា យន្តការនេះ គឺជាការបើកទេសចរណ៍ជើងមេឃ និងជួយផ្នែកសេដ្ឋកិច្ចជាតិផងដែរ។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ខ្ញុំសូមគាំទ្រលើចំណាត់ការរបស់រាជរដ្ឋាភិបាល។ ការងារនេះ បង្ហាញពីការជួយឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងជាការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល ដោយសារឥឡូវនេះចំនួននៃការឆ្លងជំងឺកូវីដ នៅប្រទេសកម្ពុជាមានការធ្លាក់ចុះ ហើយអត្រានៃអ្នកស្លាប់សឹងតែមិនមានតែម្តង»។

លោកបណ្ឌិត បានថ្លែងបន្តយ៉ាងដូច្នេះ «មួយវិញទៀត ខ្ញុំយល់ឃើញថា នេះក៏ជាការធ្វើឲ្យអ្នកទេសចរអន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិ ចូលមើលប្រទេសយើង ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយក៏ជាផ្នែកមួយធ្វើឲ្យវិស័យអប់រំ មានសន្ទុះទៅមុខតាមរយៈការចូលរួមចំណែករបស់អាណាព្យាបាល សិស្ស ក៏ដូចជានិស្សិតនៅក្នុងការសិក្សាក្នុងថ្នាក់ ក៏ដូចជាកិច្ចការផ្សេងៗទៀតបានល្អប្រសើរ។ រាជរដ្ឋាភិបាល បានចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ ពេញផ្ទៃប្រទេសអស់ទៅហើយ អញ្ចឹងប្រការនេះ គឺជាការបើកជើងមេឃទេសចរណ៍ និងការបើកជើងមេឃសេដ្ឋកិច្ចមួយ សម្រាប់អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទកូវីដ១៩ ដែលកម្ពុជាយើង ក៏ដូចជាពិភពលោក ស្ថិតក្នុងការវិវត្តថ្មី»

យ៉ាងណាក៏ដោយ ទោះបីជារាជរដ្ឋាភិបាល មានការបន្ថូរបន្ថយការធ្វើតេស្តកូវីដ១៩ ក៏លោកបណ្ឌិត ឡាច សំរោង បានសំណូមពរប្រជាពលរដ្ឋ កុំភ្លេចយ័ន្តការពាររបស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារ ព្រោះបើទោះបីជាជំងឺកូវីដ១៩ មានភាពធូរស្រាលក៏ដោយ ក៏វាមិនទាន់ទៅណាឆ្ងាយដែរ អញ្ចឹងមានតែការការពារទេ ទើបធ្វើឲ្យគេចផុតពីជំងឺនេះ។

សូមជម្រាបថា យោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដូចខាងក្រោម៖

១៖ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា។
២៖ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។
៣៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ។ សម្តេចតេជោបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយថវិកាសម្រាប់ធ្វើតេស្ត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

កម្ពុជាបានសម្រេចបើកប្រទេសរបស់ខ្លួនពេញលេញឡើងវិញ កាលពីចុងឆ្នាំ២០២១។ បើទោះបីកូវីដ១៩ បំប្លែងថ្មីអូមីក្រុង មានករណីឆ្លងច្រើនក្តី ប៉ុន្តែអត្រាស្លាប់មានចំនួនតិចតួច។ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ១៩ ដែលប្រកាសដោយក្រសួងសុខាភិបាល បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមជាង ១០០នាក់ក្នុងមួយថ្ងៃ ករណីស្លាប់ត្រឹម ១នាក់ ហើយថ្ងៃខ្លះមិនមានអ្នកស្លាប់នោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវជាថ្មី សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈវិធានសុខាភិបាល ៣ការពារ ៣កុំ និងអ្នកដែលដល់ពេលត្រូវចាក់វ៉ាក់សាំង សូមនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលកម្ពុជា សម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជនក្នុងអត្រាខ្ពស់ស្មើនឹងជាង ៩២ភាគរយ នៃប្រជាជន ១៦លាននាក់៕