(ភ្នំពេញ)៖ ទោះបីកំពុងហ៊ុំព័ទ្ធដោយរឿងអាស្រូវស្នេហ៍ជាមួយនារីក្រៅផ្ទះក្តី តែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅតែបន្តបេសកកម្មបង្ហាញ​មុខតាមវេទិកាសាធារណៈ គ្រាដែលមនុស្ស​ជាច្រើននាក់​ហើយត្រូវបានចាប់ខ្លួន និង​ជាប់ពន្ធ នាគារជាបន្តបន្ទាប់ព្រោះរឿងអាស្រូវស្នេហ៍មួយនេះ។

លោក កឹម សុខា បានប្រកាសនៅលើ Facebook របស់លោកនាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះថា នៅថ្ងៃទី០៦-០៧ ខែឧសភា លោកនឹងអញ្ជើញជាអធិបតី​ប្រកាសសុពលភាព​ថ្នាក់ដឹកនាំគណបក្សខេត្ត។

លោក កឹម សុខា បានឲ្យដឹងថា ថ្ងៃសុក្រ ទី០៦ ខែឧសភា វេលាម៉ោង ៨ព្រឹក លោកនឹងធ្វើពិធីនៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ដោយឡែកថ្ងៃសៅរ៍ ទី០៧ ខែឧសភា វេលាម៉ោង ៨ព្រឹក ធ្វើនៅទីស្នាក់ការគណបក្សខេត្តសៀមរាប ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ថា បច្ចុប្បន្នសំណុំរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា ជាមួយនារីក្រៅផ្ទះ ដែលត្រូវបានទម្លាយតាមទំព័រ Facebook «រឿងពិត CNRP» កំពុងនិងធ្វើឲ្យមានការចាប់​អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋាន​នានា។ តែទោះជាយ៉ាងណា លោក កឹម សុខា នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ដោយអនុវត្តតាមទ្រឹស្តី «មិនឆ្លើយ មិនឆ្លង មិនឈ្លោះ»។

បើទោះបីជាលោក កឹម សុខា រក្សាជំហរមិនឆ្លើយតបទៅនឹងរឿងអាស្រូវនេះក្តី តែតួអង្គស្រីម្នាក់ ក្នុងចំណោមតួអង្គជាច្រើននាក់ គឺកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ បានចេញសារភាព និងទទួលស្គាល់អាស្រូវស្នេហ៍របស់ខ្លួន ជាមួយលោក កឹម សុខា ព្រមទាំងបានប្តឹង លោក កឹម សុខា ទារសំណងជំងឺចិត្តប្រមាណ ៣០ម៉ឺនដុល្លារផងដែរ។

ក្រៅពីស្រីមុំ ការទម្លាយខ្សែអាត់សំឡេងរបស់ «រឿងពិត CNRP» បានធ្វើឲ្យកញ្ញា ធី សុវណ្ណថា សកម្មជន ដែលធ្លាប់តែគាំទ្រគណបក្សសង្រ្គោះជាតិ បានប្តឹងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ទារសំណងជំងឺចិត្ត ១លានដុល្លារផងដែរ។

តាមរយៈបណ្តឹងបរិហារកេរ្តិ៍របស់កញ្ញា ធី សុវណ្ណថានេះ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ខាងមុខ។

សំណុំរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា និងស្រីមុំ មិនត្រឹមតែនាំទុក្ខទោសដល់លោក កឹម សុខា នោះឡើយ បច្ចុប្បន្នមាន មនុស្សសរុប ៦នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួននៅពន្ធ​នាគារព្រៃស។ ជនទាំង ៦នាក់នោះរួមមាន៖ លោកមេឃុំ ស៊ាង ចែត មេឃុំ-ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និង លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕