(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានសេចក្តីប្រកាសព័ត៌មានស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០ព្រឹក ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការរៀបចំនិងដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» សំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហា ប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ទៀតថា ចក្ខុវិស័យនៃយុទ្ធសាស្ត្រគឺការអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថានមានភាពធន់ មានតម្លៃបន្ថែមខ្ពស់ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។

សាធារណជន និងអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងតាមដានការផ្សាយផ្ទាល់នូវពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» តាមរយៈទំព័រហ្វេស ប៊ុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសារព័ត៌មាន Fresh News ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖