(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំសំណេះសំណាល ជាមួយបណ្តាក្រុមហ៊ុនសន្តិសុខឯកជន និងកាស៊ីណូទាំងអស់ ក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការ ពាក់ព័ន្ធការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរាបរយ ក្នុងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា អគ្គនាយករងអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន, អភិបាលរងខេត្តព្រះសីហនុ លោកស្នងការ ស្នងការរង និងនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានរាយការណ៍អំពីការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងបញ្ហាប្រឈមរបស់ភ្នាក់ងារសន្តិសុខឯកជននៅខេត្តព្រះសីហនុ ជូនអង្គប្រជុំ ខណៈលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា បានណែនាំឲ្យក្រុមហ៊ុនសន្តិសុខឯកជន ដែលមានភ្នាក់ងារតាមគោលដៅ ដែលមានជនបរទេសស្នាក់នៅ សូមរាយការណ៍ឲ្យបានច្បាស់លាស់ ដើម្បីបញ្ចូលក្នុងប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ គឺដោយសាររាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ លើការកសាងហេដ្ឋារចនាសម្ព័ននានា និងបានធ្វើឲ្យខេត្តនេះ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដែលជាទីតាំងមួយដ៏ទាក់ទាញបំផុត សម្រាប់ជនបរទេសមកវិនិយោគនៅកម្ពុជា។ លោកបានបន្តទៀតថា ការរីកចម្រើនទាំងអស់នេះ បានធ្វើឲ្យមានតម្រូវការក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ហេតុដូចនេះភ្នាក់ងារសន្តិសុខឯកជន បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមបណ្ដាគោលដៅ និងអ្នកវិនិយោគនានា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលបានខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ក៏ដូចជាការបង្រ្កាប ទប់ស្កាត់បទល្មើសផ្សេងៗ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានសំណូមពរឲ្យក្រុមហ៊ុនទាំងអស់ តាមដានត្រួតពិនិត្យទៅលើបទល្មើសតាមបណ្ដាគោលដៅ និងចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបង្រា្កបឲ្យបានទាន់ពេលវេលា និងស្នើឲ្យពង្រឹងសមត្ថភាព លក្ខណៈសម្បត្តិ ការគ្រប់គ្រងឲ្យស្របទៅតាមស្តង់ដាតែមួយ។

ចុងក្រោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានស្នើឲ្យសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ចូលរួមថែរក្សាសុខភាពឲ្យបានល្អ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសវាងនូវការចម្លងជំងឺកូវីដ-១៩ និងសូមចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា៕