(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចលុបចោលការបញ្ជាក់ធ្វើតេស្តរកកូវីដ១៩ តាមម៉ាស៊ីន PCR មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង, លុបចោលការធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ការទិដ្ឋាការ ពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២តទៅ។ ចំពោះករណីនេះ ត្រូវបានវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈ ប្រកាសគាំទ្រទាំងស្រុង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកជំនាញសុខភាពសាធារណៈ ខ្ញុំគាំទ្រការបើកព្រំដែនអន្តរជាតិ ដែលនាំមកនូវអ្នកទេសចរ ធ្វើឲ្យសេដ្ឋកិច្ចកើនឡើង ហើយការនាំចេញ-នាំចូលអ្វីៗ ដោយបើកចំហរ ហើយការបើកប្រទេសទាំងមូល ធ្វើឲ្យចរន្តសេដ្ឋកិច្ចមានចលនាឡើងវិញ»

អ្នកជំនាញរូបនេះយល់ឃើញថា ការលុបចោលការធ្វើតេស្ត PCR-តេស្តរហ័សលើអ្នកដំណើរ និងការផ្តល់ទិដ្ឋាការពេលមកដល់ សម្រាប់ភ្ញៀវអន្តរជាតិ របស់រាជរដ្ឋាភិបាល គឺជារឿងសមហេតុផល ពីព្រោះអូមីក្រុង ជាកូវីដសម័យថ្មី ដែលវាស្រាល និងហាក់បីដូចជាផ្តាសាយមួយអញ្ចឹងដែរ ពោលគឺមិនមែនជាសញ្ញាមួយធ្ងន់ធ្ងរ។ ដូច្នេះហើយ មិនចាំបាច់ត្រូវការធ្វើតេស្ត PCR ដោយសារនេះជាសម័យកាល ដែលគេទទួលស្គាល់ថា អូមីក្រុងជាជំងឺសាមញ្ញ។

វេជ្ជបណ្ឌិត គួច ម៉េងលី គិតថា បើសិនជារាជរដ្ឋាភិបាលមានការក្រិតក្រមខ្លាំងពេក ធ្វើឲ្យអ្នកទេសចរ មិនចង់មកលេងប្រទេសយើង ធ្វើឲ្យខាតសេដ្ឋកិច្ច ពីវិស័យទេសចរណ៍តែម្តង។ លោកបន្ថែមថា អូមីក្រុងនេះ បើយើងហូបចុកឲ្យបានគ្រប់គ្រាន់ មានជីវជាតិ ហាត់ប្រាណ ហូបទឹក ជាពិសេសគេងឲ្យបានស្កប់ស្កល់ គឺថាវាមិនងាយឆ្លង មិនងាយឈឺធ្ងន់ ហើយបើឈឺក៏មិនគ្រោះថ្នាក់ដល់ជីវិតដែរ។

វេជ្ជបណ្ឌិត គួច ម៉េងលី បានកោតសរសើរពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់រាជរដ្ឋាភិបាល។ លោកថ្លែងថា ការខិតខំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មានលទ្ធផលច្រើនជាងប្រទេសនានា ក្នុងការគាំពារកុំឲ្យមានការឆ្លងមេរោគកូវីដ ដែលវាជាចំណុចមួយដ៏ល្អ ដែលយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើបានល្អជាងប្រទេសមួយចំនួន។

លោកបន្ថែមយ៉ាងដូច្នេះ «យើងឃើញថា ខ្មែរយើងជាប្រទេសមួយ ដែលជឿនលឿនរាល់ការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋអត់គិតថ្លៃ មានគោលនយោបាយខ្ពស់ ក្នុងការផ្សព្វផ្សាយដល់សាធារណជន ក្នុងការចាក់វ៉ាក់សាំងដោយឥតគិតប្រាក់ ព្រមទាំងការចាក់វ៉ាក់សាំងដូចជំរុញផងដែរ»។

សូមជម្រាបថា យោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដូចខាងក្រោម៖

១៖ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា។
២៖ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។
៣៖ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ។ សម្តេចតេជោបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយថវិកាសម្រាប់ធ្វើតេស្ត។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

កម្ពុជាបានសម្រេចបើកប្រទេសរបស់ខ្លួនពេញលេញឡើងវិញ កាលពីចុងឆ្នាំ២០២១។ បើទោះបីកូវីដ១៩ បំប្លែងថ្មីអូមីក្រុង មានករណីឆ្លងច្រើនក្តី ប៉ុន្តែអត្រាស្លាប់មានចំនួនតិចតួច។ ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ១៩ ដែលប្រកាសដោយក្រសួងសុខាភិបាល បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមជាង ១០០នាក់ក្នុងមួយថ្ងៃ ករណីស្លាប់ត្រឹម ១នាក់ ហើយថ្ងៃខ្លះមិនមានអ្នកស្លាប់នោះទេ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវជាថ្មី សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈវិធានសុខាភិបាល ៣ការពារ ៣កុំ និងអ្នកដែលដល់ពេលត្រូវចាក់វ៉ាក់សាំង សូមនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលកម្ពុជា សម្រេចបានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាជនក្នុងអត្រាខ្ពស់ស្មើនឹងជាង ៩២ភាគរយ នៃប្រជាជន ១៦លាននាក់៕