(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីរីករាយ និងពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអាស៊ី (Asia Fundation) ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ ដើម្បីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យបន្តលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចទៅមុខបន្ថែមទៀត ជាពិសេសដំណាក់កាលវិបត្តិបង្កដោយជំងឺកូវីដ១៩។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលលោក ដេវីដ អាណុល (David D. Arnold) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ និងលោក ដេវីដ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការមូលនិធិអាស៊ី ដែលបានប្រតិបត្តិការក្នុងប្រទេសកម្ពុជារយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

លោក ដេវីដ ក៏បានជម្រាបសម្តេចតេជោ អំពីសកម្មភាពការងាររបស់អង្គការនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយផ្តោតយកចិត្តទុកដាក់លើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា។

លោក ដេវីដ បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងល្អបំផុតជាមួយអង្គការ ធ្វើឱ្យអង្គការបំពេញបេសកកម្មទទួលបានជោគជ័យជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេលជាង ៤០ឆ្នាំមកនេះ និងបានថ្លែងអំណរគុណអង្គការមូលនិធិអាស៊ី ចំពោះសកម្មភាពការងាររបស់ខ្លួននៅកម្ពុជា។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យអង្គការនេះបន្តសកម្មភាពរបស់ខ្លួន និងស្វែងរកគន្លឹះថ្មីបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩ និងពេលកម្ពុជា កំពុងបើកសេដ្ឋកិច្ចឡើងវិញនេះ។

អង្គការមូលនិធិអាស៊ី គឺជាអង្គការអន្តរជាតិមិនប្រាក់ចំណេញមួយ ដែលបានធ្វើការងារលើការអភិវឌ្ឍប្រកបដោយចេរភាព។ អង្គការនេះ បានបំពេញបេសកកម្មនៅប្រទេសកម្ពុជាជាង ៤០ឆ្នាំមកហើយ ហើយបានរួមចំណែកជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕