(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការិយាល័យល្អ មិនមែនជាអាទិភាពសម្រាប់មន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ផ្ទុយទៅវិញជម្រក និងសេចក្តីត្រូវការរបស់កុមារទើបជាការងារអាទិភាពរបស់កម្ពុជា។

ការគូសរំលេចរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខ លោកបណ្ឌិត វ៉ូដូហ្វា ដេរ៉េជេ (Wordofa Dereje) ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោក វ៉ូដូហ្វា ដេរ៉េជេ បានចាត់ទុកការបានអញ្ជើញជាអធិបតីជាមួយសម្តេចតេជោ សម្ពោធ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង គឺកិត្តិយសដ៏ធំធេងសម្រាប់រូបលោក។

លោកប្រធានអង្គការ SOS ក៏បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅព្រឹកមិញនេះ ព្រោះជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការបារម្ភ ការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។

លោកប្រធានអង្គការ SOS ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យអង្គការ SOS ធ្វើជាដៃគូ ហើយដៃគូនេះទៀតសោត បានអនុញ្ញាតឱ្យអង្គការ SOS មានដំណើរការកាន់តែខ្លាំងឡើងក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ក្នុងការបំពេញបេសកកម្មជួយដល់កុមារ និងផ្តល់ជូនកុមារនូវក្រុមគ្រួសារ ក្តីស្រឡាញ់ និងការថែទាំ។ ជាពិសេសការអប់រំ ដើម្បីជួយដល់កុមារទាំងនោះប្រែក្លាយសុបិនរបស់គេទៅជាការពិត។

នៅចំពោះមុខសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លោក វ៉ូដូហ្វា ដេរ៉េជេ បានគូសបញ្ជាក់ថា អង្គការ SOS នឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយកុមារឱ្យបានកាន់តែច្រើនឡើង ក្នុងការសម្រេចក្តីសុបិនរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយជាខ្លាំង ចំពោះភាពជាដៃគូជាមួយអង្គការ SOS។ចំណងទាក់ទងរយៈពេល ២០ឆ្នាំមកនេះ មិនមានការថយចុះនេះឡើយ ដែលជាការបង្ហាញឱ្យឃើញនូវភាពរឹងមាំនៃភាពជាដៃគូរវាងអង្គការ SOS និងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ បានគូសរំលេចថា នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយ ដែលមានកុមាររងគ្រោះខ្លាំង ដូចនៅប្រទេសកម្ពុជានោះទេ ក៏ប៉ុន្តែកម្ពុជាមិនអនុញ្ញាតឱ្យកុមារកម្ពុជាអត់បាយនោះឡើយ។

«ការិយាល័យល្អ មិនមែនជាអាទិភាពរបស់កម្ពុជា និងមន្ត្រីកម្ពុជាទេ តែជម្រក និងសេចក្តីត្រូវការរបស់កុមារ ទើបជាអាទិភាពរបស់កម្ពុជា»។ នេះជាការបង្ហាញនូវការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រឹងប្រែងជួយដល់កុមារកម្ពុជា ដែលបានរងគ្រោះដោយភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពជាមួយអង្គការ SOS លើការមើលថែ និងអប់រំកុមារ ធ្វើយ៉ាងឱ្យកុមារចេញពីកន្លែងរស់នៅរបស់អង្គការ ដោយមានចំណេះវិជ្ជា អាចរកការងារធ្វើ អាចបម្រើការងារ ឬអាចប្រកបអាជីវកម្មតាមក្តីសុបិនរបស់ពួកគេ។

សូមបញ្ជាក់ថា អង្គការ SOS គឺជាអង្គការមនុស្សធម៌អន្តរជាតិមួយមានទីស្នាក់ការនៅប្រទេសអូទ្រីស ធ្វើសកម្មភាពបម្រើដល់សុខុមាលភាពកុមារ។ អង្គការនេះ បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជួយដល់កុមារកំព្រា គ្មានទីជម្រក និងខ្វះការថែទាំនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១២។

មកដល់ពេលបច្ចុប្បន្នអង្គការ បានបង្កើតភូមិកុមារចំនួន៧កន្លែង មាននៅក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង កំពត រតនគិរី ក្រចេះ និងព្រៃវែង។ អង្គការក៏គ្រោងបង្កើតភូមិកុមារមួយកន្លែងទៀត នៅក្នុងខេត្តត្បូងឃ្មុំនាពេលខាងមុខនេះ។

តាមរយៈភូមិកុមារនេះ អង្គការបានផ្តល់នូវអាហារ ការមើលថែ និងការអប់រំ រហូតដល់ពួកគេធំពេញវ័យ។ ក្នុងពិធីសម្ពោធភូមិកុមារ SOS នៅក្នុងខេត្តព្រៃវែង លោកបណ្ឌិត វ៉ូដូហ្វា ដេរ៉េជេ បានឱ្យដឹងថា តាមរយៈការចិញ្ចឹមបីបាច់ ការថែទាំ និងផ្តល់ការអប់រំដ៏ល្អ មានអតីតកុមារក្នុងភូមិកុមារ SOS ប្រមាណ ៤នាក់ បានក្លាយទៅជាវេជ្ជបណ្ឌិត, ៦នាក់ ក្លាយជាវិស្វករ, ៧នាក់ ក្លាយអ្នកបម្រើការនៅធនាគារ, ៣នាក់ ក្លាយជាស្ថាបត្យករ, ២នាក់ ក្លាយជាអ្នករចនា និងជាច្រើននាក់ទៀត បានក្លាយជាអ្នកបម្រើការងារក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួររាជរដ្ឋាភិបាល៕